ណូវ៉ែលហ្ស៊េឡង់៖ ប្រទេសណូវ៉ែលហ្ស៊េឡង់បានប្រកាសដាក់រដ្ឋ ក្នុងគ្រាអាសន្នដោយសារព្យុះស៊ីក្លូន Gabrielle ជាការប្រកាសលើកទី៣ នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ រដ្ឋមន្ត្រីគ្រប់គ្រងគ្រាអាសន្នលោក Kieran McAnulty បានចុះហត្ថលេខាចូលជាធរមានប្រកាសដាក់ប្រទេស ក្នុងគ្រាអាសន្ននៅព្រឹកថ្ងៃអង្គារនេះ។
សេចក្ដីប្រកាសនេះនឹងអនុវត្តន៍ចំពោះតំបន់ Northland Auckland Tairawhiti ឆកសមុទ្រ Bay of Plenty តំបន់ Waikato និងតំបន់ឆកសមុទ្រ Hawkes ជាការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះគ្រោះមហន្តរាយនេះ។ លំនៅឋានយ៉ាងហោចណាស់ ៣៨.០០០ខ្នងគ្មានអគ្គិសនីប្រើប្រាស់នៅព្រឹកថ្ងៃអង្គារនេះ។ សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា នៅក្នុងទីក្រុងធំបំផុតរបស់ប្រទេសណូវ៉ែលហ្ស៊េឡង់គឺទីក្រុង Auckland ក្រុមអាជ្ញាធរបានជម្លៀសពលរដ្ឋចេញពីលំនៅឋានប្រមាណ ៥០ខ្នងនៅជុំវិញប៉មកម្ពស់ ៣០ម៉ែត្រដែលអាចដួលរលំ។ មជ្ឈមណ្ឌលស្នាក់នៅបណ្ដោះអាសន្នរាប់សិបកន្លែងត្រូវបានបង្កើតឡើងនៅក្នុងទីក្រុងនេះ។
លោក McAnulty បានហៅព្យុះនេះថា ជាព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរមិនធ្លាប់មាន។ លោកថា ការដាក់រដ្ឋក្នុងគ្រាអាសន្ន គឺដើម្បីអនុញ្ញាតឲ្យមានការសម្របសម្រួលរបស់សហព័ន្ធក្នុងការសម្អាត និងផ្ដល់ជំនួយបន្ថែមដល់អ្នកដែលត្រូវបានប៉ះពាល់ ក៏ដូចជាផ្ដល់អំណាចឲ្យរដ្ឋាភិបាលបន្ថែមទៀត ក្នុងការឆ្លើយតបចំពោះស្ថានភាពគ្រោះថ្នាក់ រួមទាំងការរឹតត្បិតការធ្វើដំណើរផងដែរ។ កាលពីថ្ងៃចន្ទ នាយករដ្ឋមន្ត្រីណូវ៉ែលហ្ស៊េឡង់លោក Chris Hipkins បានប្រកាសកញ្ចប់ជំនួយចំនួន ៧.៣លានដុល្លារអាមេរិកជួយដល់ពលរដ្ឋរងគ្រោះ៕
អត្ថបទ៖ សុខមាន