ស៊ីហ្គេម៖ គណៈកម្មាធិការអូឡាំពិកនៃប្រទេសសិង្ហបុរី គ្រោងនឹងបញ្ជូនអត្តពលិករបស់ខ្លួនប្រមាណជាង ៥០០នាក់មកចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលរៀបចំនៅប្រទេសកម្ពុជានៅខែឧសភាខាងមុខនេះ។

បញ្ជីឈ្មោះរបស់អត្តពលិកសិង្ហបុរីនៅពេលនេះមានសរុប ៥១៧នាក់ តែសម្រាប់ចំនួនជាក់ស្តែងនឹងត្រូវប្រកាសនៅពេលព្រឹត្តិការណ៍ជិតចាប់ផ្តើម។ គណៈកម្មាធិការជ្រើសរើស SNOC ដែលដឹកនាំដោយប្រធាន Tan Chuan-Jin បានធ្វើការសម្រេចចិត្ត បន្ទាប់ពីបានពិគ្រោះជាមួយសមាគមកីឡាជាតិ។ រំលឹកថា កាលពីការប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅទីក្រុងហាណូយឆ្នាំ២០២១ ប្រទេសសិង្ហបុរីបានបញ្ជូនអត្តពលិកចំនួន ៤២៤នាក់។

សិង្ហបុរីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ លើតារាងមេដាយនៅពេលនោះដោយដណ្តើមបានមេដាយសរុប ១៦៦គ្រឿង។ ស៊ីហ្គេម ២០២៣ នឹងជាលើកទី១ សម្រាប់ប្រទេសកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាថ្នាក់តំបន់ចំនួន ១១ប្រទេសក្នុងប្រវត្តិសាស្ត្ររយៈពេល ៦៤ឆ្នាំរបស់ខ្លួនដែលមានតាំងពីឆ្នាំ១៩៥៩។ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅកម្ពុជានឹងចាប់ផ្តើមពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា៕
អត្ថបទ៖នាង សុភាវុធ