ទួរគី៖ អ្នកនៅរស់រានមានជីវិតដែលកំពុងព្រួយបារម្ភ និងគ្មានលំនៅឋាននៅក្នុងទីក្រុង Adiyaman ដែលរងគ្រោះដោយគ្រោះរញ្ជួយដីនៅប្រទេសទួរគីបាននិយាយថា ស្ថានភាពរបស់ពួកគេកាន់តែលំបាកយ៉ាងឆាប់រហ័ស ខណៈប្រទេសនេះបានចូលដល់រយៈពេល ១សប្តាហ៍ចាប់តាំងពីគ្រោះមហន្តរាយដ៏ខ្លាំងក្លាវាយប្រហារប្រទេសនេះ។

អ្នករស់រានមានជីវិតពីរញ្ជួយដីបាននិយាយថា មួយសប្តាហ៍នេះពិតជាលំបាកណាស់ អ្វីៗត្រូវបានបំផ្លាញ។ ជំនួយមនុស្សធម៌ និងសម្ភារៈផ្សេងៗបានចាប់ផ្តើមមកដល់កាលពីល្ងាចថ្ងៃទី៣ បន្ទាប់ពីគ្រោះមហន្តរាយ ប៉ុន្តែវាយឺតពេលទៅហើយ។ ដោយមានក្តីសង្ឃឹមក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិត ជាច្រើននាក់ទៀតនៅក្នុងគំនរបាក់បែក ចំនួនអ្នកស្លាប់រួមបញ្ចូលគ្នានៅក្នុងប្រទេសទួរគី និងប្រទេសជិតខាងស៊ីរីពីការរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រកាលពីថ្ងៃចន្ទសប្តាហ៍កន្លងទៅបានកើនឡើងលើសពី ៣៧,០០០នាក់ ហើយទំនងជានឹងបន្តកើនឡើង។ ជំនួយបានមកដល់តំបន់រងគ្រោះដោយរញ្ជួយដី ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះដែលអាជ្ញាធរបាននិយាយថា មនុស្សជាង ១លាននាក់កំពុងរស់នៅក្នុងទីជម្រកបណ្តោះអាសន្ន។

ពលរដ្ឋនិយាយថា យើងកំពុងដេកនៅក្នុងទីធ្លានៃវិហារអ៊ីស្លាម។ យើងពុំអាចរកទីជម្រកបានទេ ខណៈនៅទីនេះគ្មានទឹក គ្មានភ្លើង ហើយកូនៗរបស់យើងទាំងអស់ឈឺ។ ក្នុងពេលមានការព្រួយបារម្ភអំពីអនាម័យ និងការរីករាលដាលមេរោគឆ្លងក្នុងតំបន់ រដ្ឋមន្ត្រីសុខាភិបាលទួរគីលោក Fahrettin Koca បាននិយាយកាលពីចុងសប្តាហ៍ថា វ៉ាក់សាំងការពារជំងឺត្រូវបានបញ្ជូនទៅតំបន់រញ្ជួយដី ហើយឱសថស្ថានចល័តបានចាប់ផ្តើមដំណើរការនៅទីនោះ។ អាជ្ញាធរទួរគីប្រឈមនឹងការរិះគន់យ៉ាងខ្លាំងចំពោះការឆ្លើយតបបន្ទាន់ និងកង្វះការរៀបចំ៕
អត្ថបទ៖ ប៊ុនថន