អាមេរិក៖ សាកលវិទ្យាល័យរដ្ឋ Michigan របស់សហរដ្ឋអាមេរិកត្រូវបានបិទ ក្រោយការបាញ់ប្រហារដោយសេរីនៅក្នុងទីតាំងមួយចំនួននៃបរិវេណសាកលវិទ្យាល័យនេះ។ នគរបាលនិយាយថា ខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់មនុស្ស ៣នាក់ និងបណ្ដាលឲ្យមនុស្ស ៥នាក់ផ្សេងទៀតរងរបួស បានស្លាប់ដោយសារតែបាញ់សម្លាប់ខ្លួនឯង។

នគរបាលបានរាយការណ៍ពីការបាញ់ប្រហារនៅសាល Berkey Hall និងអគារ IM East building របស់សាកលវិទ្យាល័យរដ្ឋ Michigan កាលពីយប់ថ្ងៃចន្ទដោយបញ្ជាក់ថា អង្គភាពអនុវត្តន៍ច្បាប់កំពុងធ្វើការយ៉ាងសកម្មនៅកន្លែងកើតហេតុ។ ដំបូងក្រុមមន្ត្រីបាននិយាយថា មានមនុស្សជាច្រើនរងរបួស ហើយថាជនសង្ស័យទំនងជាមានតែម្នាក់ឯងទេ។ ក្រោយមកនគរបាលបានបញ្ជាក់ថា មនុស្ស ៣នាក់ត្រូវបានបាញ់សម្លាប់អំឡុងបាញ់ដោយសេរីនោះ ហើយមនុស្ស ៥នាក់ត្រូវបានដឹកទៅកាន់មន្ទីរពេទ្យ Sparrow ក្បែរកន្លែងកើតហេតុ ខ្លះមានរបួសធ្ងន់ដល់អាយុជីវិត។ ស្នងការរងនគរបាលបណ្ដោះអាសន្នលោក Chris Rozman បានពណ៌នាជនសង្ស័យថា ជាបុរសស្បែកខ្មៅ ទាប ពាក់ស្បែកជើងពណ៌ក្រហម អាវក្រៅខាប៊យ និងពាក់មួកកន្តិប៕ អត្ថបទ៖ សុខមាន
