ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្រី្ត អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ តាមរយៈBTV ព័ត៌មាន នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ បានបញ្ជាក់ថា ទិវា១៤កុម្ភៈ បង្ហាញសេចក្ដីស្រឡាញ់ដល់មនុស្សគ្រប់គ្នា តាមរយៈការបង្ការមេរោគអេដស៍ ក្រោមពាក្យស្លោក "មានតែធ្វើតេស្តរកមេរោគអេដស៍ទេ ទើបដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍"។
ឯកឧត្តម ទេសរដ្ឋមន្រី្ត អៀង មូលី បានបន្តទៀតថា ថ្ងៃទី១៤ កុម្ភៈ បណ្តាប្រទេសលើពិភពលោក ហៅថា ទិវានៃកី្តស្រលាញ់។ ប៉ុន្តែប្រទេសមួយចំនួន រៀបចំពិធីនេះ សម្រាប់បង្ហាញសេចកី្តស្រលាញ់ចំពោះគូរសង្សារ។
ដោយឡែកប្រទេសកម្ពុជា ប្រារព្ធទិវានេះ ដើម្បីបង្ហាញនូវសេចកី្តសេ្នហា មិនមែនតែចំពោះសង្សារនោះទេ គឺតាំងពីឪពុក ម្តាយ គ្រូបាធ្យាយ បងប្អូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាល អ្នកគ្រប់គ្រង ថ្នាក់ដឹកនាំ គឺយើងត្រូវស្រលាញ់ទាំងអស់។ ប៉ុន្តែថ្ងៃនេះ យើងត្រូវបង្ហាញសេចកី្តស្រលាញ់ ចំពោះអ្នកផ្ទុកមេរោគអេដស៍ ដែលពីដើមមកមានការរើសអើង ប្រកាន់។ ដូច្នេះយើងចង់ឲ្យប្រជាពលរដ្ឋទាំងអស់ ទទួលស្គាល់ថា អ្នកផ្ទុកមេរោគអេដស៍ ក៏ជាមនុស្សដូចយើងដែរ។
ជាមួយគ្នានោះឯកឧត្តម ទេសរដ្ឋមន្រី្ត អៀង មូលី ក៏បានសុំឲ្យអ្នកស្រលាញ់ភេទដូចគ្នា មានការប្រុងប្រយ័ត្ន ហើយយើងក៏មិនមានការរើសអើងនោះទេ។ ព្រោះថាសព្វថ្ងៃនេះ យើងមានការព្រួយបារម្ភ ចំពោះអ្នកស្រលាញ់ភេទដូចគ្នា ដោយសារអត្រាឆ្លង និងផ្ទុកមេរោគអេដស៍ថ្មី មានរហូតដល់៤%ទៅ៥% នៅពេលដែលអត្រាជាទូទៅ មានតែ០.៥% ទៅ០.៦% នៃអ្នកផ្ទុកមេរោគអេដស៍។ ដូច្នេះអត្រាអ្នកឆ្លង និងផ្ទុកមេរោគអេដស៍ ខ្ពស់ណាស់។
ទន្ទឹមនឹងនោះឯកឧត្តម ទេសរដ្ឋមន្រី្ត សុំអំពាវនាវដល់អ្នកដែលមានដៃគូរច្រើន សុំប្រើស្រោមអនាម័យ និងថ្នាំបង្ការដែលហៅថា ប្រឹព (PrEP) នាពេលអនាគត នឹងអាចមានថ្នាំចាក់បង្ការមេរោគអេដស៍។
ដូច្នេះសុំឲ្យបងប្អូនប្រជាពលរដ្ឋ ដែលស្រលាញ់ភេទដូចគ្នា ចូលរួមបង្ការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ ជំងឺអេដស៍ ដើម្បីឈានទៅសម្រេចគោលដៅ៩៥ទីមួយ របស់យើង ដែលមានតែ ៨៤%នេះ ឲ្យបាន៩០ ទៅ៩៥% នាឆ្នាំ២០២៥៕ អត្ថបទ រដ្ឋា










