អ៊ីស្រាអែល៖ នៅក្នុងគណៈកម្មាធិការសភាអ៊ីស្រាអែល កាលពីថ្ងៃចន្ទសមាជិកមួយចំនួនស្រែកថា «អាម៉ាស់ណាស់» ខណៈមួយចំនួនទៀតស្រែកថា «របបហ្វាស៊ីស» ឬ «ជនក្បត់» ហើយនៅខាងក្រៅ មនុស្សរាប់ម៉ឺននាក់ស្រែកថា «លទ្ធិប្រជាធិបតេយ្យ»។

ភាពចលាចលកាលពីថ្ងៃចន្ទបានកើតមានឡើង ខណៈរដ្ឋាភិបាលមានផែនការរៀបចំឡើងវិញនូវប្រព័ន្ធតុលាការនៅក្នុងចំណាត់ការមួយ ដែលកំពុងបង្ហាញពីការបែកបាក់ខ្លាំងអាចកើតមាននៅក្នុងសង្គមប្រទេសអ៊ីស្រាអែល។ ចំណាត់ការនេះនឹងផ្តល់ឱ្យនាយករដ្ឋមន្ត្រីលោក Benjamin Netanyahu គ្រប់គ្រងកាន់តែខ្លាំងលើការតែងតាំងមុខតំណែង និងធ្វើឱ្យចុះខ្សោយសមត្ថភាពរបស់តុលាការកំពូល។ លោក Netanyahu ដែលបច្ចុប្បន្នកំពុងកាត់ក្តីលើបទចោទប្រកាន់អំពើពុករលួយដែលលោកបដិសេធ និងនិយាយថា ការផ្លាស់ប្តូរគឺមានភាពចាំបាច់ដើម្បីស្តារតុល្យភាពនៅក្នុងប្រព័ន្ធតុលាការ និងទប់ស្កាត់ចៅក្រមជាសកម្មជន ដែលប្រើអំណាចហួសហេតុក្នុងការជ្រៀតជ្រែកក្នុងវិស័យនយោបាយ។ ក្រុមអ្នករិះគន់និយាយថា ផែនការនេះប្រឈមការបំផ្លាញការត្រួតពិនិត្យ និងតុល្យភាពតាមបែបលទ្ធិប្រជាធិបតេយ្យ និងធ្វើឱ្យប្រទេសអ៊ីស្រាអែលនៅឯកោពីអន្តរជាតិ ដោយធ្វើឱ្យតុលាការចុះខ្សោយ និងបង្កគ្រោះថ្នាក់ដល់សិទ្ធិមនុស្ស និងសេរីភាពស៊ីវិល។

គណបក្ស Likud របស់លោក Netanyahu និងសម្ព័ន្ធមិត្តរបស់ខ្លួនបានរិះគន់គូប្រជែងពីសំណើនេះថា ជាក្រុមឆ្វេងនិយមមានកំហឹង ដែលមិនព្រមទទួលយកលទ្ធផលនៃការបោះឆ្នោតកាលពីឆ្នាំមុន។ ការស្ទង់មតិដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ដោយប្រព័ន្ធផ្សព្វផ្សាយសាធារណៈរបស់ប្រទេសអ៊ីស្រាអែល បានបង្ហាញពីការគាំទ្រមានភាពយឺតយ៉ាវសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធតុលាការ ដោយ ២៨% នៃប្រជាជនអ៊ីស្រាអែលគាំទ្រវិធានការនេះ ខណៈ ៥០% ប្រឆាំង។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានជំរុញឱ្យលោក Netanyahu បង្កើតការឯកភាពគ្នាមុនពេលជំរុញឱ្យមានការផ្លាស់ប្តូរដ៏ទូលំទូលាយនេះ ដោយនិយាយថា ប្រព័ន្ធតុលាការឯករាជ្យគឺជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល៕
អត្ថបទ៖ ប៊ុនថន