ភ្នំពេញ៖ បន្ទាប់ពីបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តបតាមការអញ្ជើញរបស់ នាយករដ្ឋមន្ត្រីឡាវ ឯកឧត្តម សនសៃ ស៊ីផាន់ដន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី១៤កុម្ភៈនេះ បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់អញ្ជើញធ្វើមាតុភូមិនិវត្តមកដល់មាតុប្រទេសវិញហើយប្រកបដោយសុវត្ថិភាព។
គួរបញ្ជាក់ថា នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោទៅកាន់ប្រទេសឡាវនេះ នៅពេលអញ្ជើញទៅដល់ភ្លាម សម្តេចតេជោ បានអនុញ្ញាតឱ្យនិស្សិតសិក្ខាកាមកម្ពុជា ដែលមានទាំងស៊ីវិល យោធានិងនគរបាលចំនួន៨៦រូប ដែលកំពុងសិក្សានៅប្រទេសឡាវ បានជួបសំដែងការគួរសម ។
ទស្សនកិច្ចផ្លូវការរបស់សម្តេចនៅពេលនេះ បាននាំមកនូវផ្លែផ្កាថ្មីៗថែមទៀត រវាងប្រទេសទាំង២ កម្ពុជា-ឡាវ ។ ជាពិសេសបាននាំមកនូវការពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដោយនៅពេលនោះសម្តេចតេជោ នាយករដ្ឋមន្ត្រីបានជួបជាមួយសមភាគី គឺឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីថ្មីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយបានពិភាក្សាអំពីមធ្យោបាយក្នុងការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ រួមទាំង៖ វិស័យសន្តិសុខ-នយោបាយ, សង្គម-សេដ្ឋកិច្ច និងផ្លាស់ប្តូរយោបល់លើ បញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ និងជាក្តីបារម្ភរួម។
នៅក្រោយជំនួប ពិភាក្សា ការងារ នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានចុះហត្ថលេខា និងធ្វើសន្និសីទកាសែតរួមគ្នាទាក់ទិនអំពីលទ្ធផលនៃជំនួប ដែលពាក់ព័ន្ធលើ «ផែនការសកម្មភាព សម្រាប់ភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ សម្រាប់ឆ្នាំ ២០២៣-២០២៧» ជាពិសេសបានផ្តោតជាសំខាន់ ទៅលើសន្ធិសញ្ញាការកំណត់ព្រំដែនរវាងប្រទេសទាំង២ ដើម្បីដោះស្រាយបញ្ចប់ទាំងស្រុងនូវបញ្ហាដែលសេសសល់។
ក្រៅពីនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីក៏បានអញ្ជើញជួបសំដែងការគួរសម ជាមួយ ឯកឧត្ដមបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ហើយសម្តេចក៏ត្រូវបានឯកឧត្ដម ថងលុន ស៊ីសុលីត បំពាក់គ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុតរបស់ប្រទេសឡាវជូន ដើម្បីជាការដឹងគុណយ៉ាងជ្រាលជ្រៅដែលសម្តេចបានរួមសុខ រួមទុក្ខ ជួយដល់ប្រទេសឡាវក្នុងវិបត្តិកូវីដ១៩ តាមរយៈការផ្តល់ជំនួយជាថវិកា រថយន្តដឹកវ៉ាក់សាំង វ៉ាក់សាំង និងសំភារៈ បរិក្ខារ វេជ្ជសាស្ត្រដល់រដ្ឋាភិបាលនិងប្រជាជនឡាវដែលកំពុងជួបការលំបាកខ្វះខាតនៅក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។
សម្តេចតេជោ និងគណៈប្រតិភូក៏បានអញ្ជើញទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជន នៅសួនយុទ្ធជនពលី ស្ថិតនៅក្នុងទីក្រុងវៀងច័ន្ទហើយក៏បានអញ្ជើញជួបសំដែងការគួរសម ឯកឧត្តមបណ្ឌិត សៃស៊ុមផន ភុមវិហាន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងបានទទួល ការជួបសម្តែងការគួរសម ពីសំណាក់ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ព្រមទាំងមានកម្មវិធីលៀងសាយភោជន៍ជាផ្លូវការនិងមហាកិត្តិយសពីសំណាក់នាយករដ្ឋមន្ត្រីឡាវ ជូនសម្តេចតេជោ និងគណៈប្រតិភូផងដែរ៕




