អ៊ុយក្រែន៖ ខណៈខួបនៃការវាយលុកនៅអ៊ុយក្រែនជិតមកដល់ កងកម្លាំងរុស្ស៊ីបានវាយលុកចូលទីក្រុង Bakhmut កាលពីថ្ងៃចន្ទ ជាអ្វីដែលប្រធានអង្គការណាតូលោក Jens Stoltenberg បាននិយាយថា គឺជាការចាប់ផ្តើមការវាយលុកថ្មីដ៏សំខាន់ និងគួរឱ្យព្រួយបារម្ភ។
ការពិតគឺយើងបានឃើញការចាប់ផ្តើមរួចហើយ ហើយយើងអាចមើលឃើញនាពេលនេះជាអ្វីដែលរុស្ស៊ីធ្វើ ជាអ្វីដែលប្រធានាធិបតីលោក Putin ធ្វើនាពេលនេះគឺការបញ្ជូនទាហានរាប់ពាន់នាក់បន្ថែមទៀត ដោយទទួលយកអត្រានៃអ្នកស្លាប់ និងរងរបួសខ្ពស់។ មន្ត្រីយោធានិយាយថា អ្នកការពារអ៊ុយក្រែនដែលបានគ្រប់គ្រងជាច្រើនខែមកនេះ បានត្រៀមខ្លួនសម្រាប់ការវាយប្រហារថ្មីមកលើទឹកដីនេះ។ ទីក្រុង Bakhmut គឺជាគោលដៅចម្បងមួយសម្រាប់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ហើយការដណ្តើមយករបស់រុស្ស៊ីនឹងផ្តល់ឱ្យនូវទីតាំងថ្មីនៅក្នុងតំបន់ Donetsk និងជាជ័យជម្នះដ៏កម្រ បន្ទាប់ពីមានការបរាជ័យជាច្រើនខែមកនេះ។ ការវាយប្រហារលើទីក្រុង Bakhmut ត្រូវបានដឹកនាំដោយទាហានស៊ីឈ្នួលរបស់ក្រុមហ៊ុន Wagner។ ការទម្លាក់គ្រាប់បែករបស់រុស្ស៊ីជាថ្មីបានបណ្តាលឱ្យស្ថានភាពនៅទីក្រុង Bakhmut កាន់តែធ្ងន់ធ្ងរ។
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានកត់ត្រាការស្លាប់ជនស៊ីវិលជាង ៧ពាន់នាក់ និងជិត ១២,០០០នាក់បានរងរបួសចាប់តាំងពីការវាយលុកថ្ងៃទី២៤ ខែកុម្ភៈឆ្នាំមុន ដែលភាគច្រើនបណ្តាលមកពីការបាញ់ផ្លោង និងមីស៊ីល និងការវាយប្រហារតាមអាកាស ប៉ុន្តែបានជឿថាតួលេខពិតប្រាកដគឺខ្ពស់ច្រើនជាងនេះ។ លោក Stoltenberg និយាយថា លោកពុំមើលឃើញមានសញ្ញាណាមួយដែលបង្ហាញថា លោក Putin កំពុងរៀបចំខ្លួនសម្រាប់សន្តិភាព ឬមានឆន្ទៈគោរពដែនអធិបតេយ្យភាពរបស់អ៊ុយក្រែននោះទេ។ អ្វីដែលយើងឃើញគឺប្រធានាធិបតី Putin និងរុស្ស៊ីនៅតែចង់គ្រប់គ្រងអ៊ុយក្រែន ដូច្នេះហើយមធ្យោបាយតែមួយគត់ដើម្បីធានាបានថា អ៊ុយក្រែនទទួលជ័យជំនះជាប្រទេសអធិបតេយ្យ គឺបន្តផ្តល់ការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន។ លោក Stoltenberg និយាយថា សម្ព័ន្ធយោធាណាតូពេលនេះកំពុងចាប់ផ្តើមពិចារណាបញ្ជូនយន្តហោះ ទៅជួយផ្នែកការពារជាតិរបស់អ៊ុយក្រែន ដោយនិយាយថា ជំនួយគឺត្រូវការជាបន្ទាន់៕
អត្ថបទ៖ ប៊ុនថន