ភ្នំពេញ៖ ក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវទីក្រុងវៀងច័ន្ទន៍ ពីថ្ងៃទី ១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើឯកសារជាប្រវត្តិសាស្រ្តសំខាន់ចំនួន២ រួមមាន៖ ទី១ សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនិងទី២ ផែនការសកម្មភាពសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (២០២៣-២០២៧)។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ កម្ពុជា ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវទីក្រុងវៀងច័ន្ទន៍ ថ្ងៃទី ១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៣។
យោងតាមសេចក្ដីប្រកាសព័ត៌មាននាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរក៏បានធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ឡាវ និងឡាវ-កម្ពុជា ដោយឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ឡាវ និងឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះព្រំដែនឡាវផងដែរ។
ចំពោះកិច្ចការព្រំដែន នាយករដ្ឋមន្រ្តីទាំងពីរបានស្វាគមន៍វឌ្ឍនភាពដែលគណៈកម្មាការចម្រុះព្រំដែនកម្ពុជា និងឡាវ សម្រេចបានក្នុងការកំណត់ខ្សែព្រំដែនរួមបានប្រមាណ ៨៦% រួមមាន៖ ការបោះបង្គោលព្រំដែនលើដីជាក់ស្តែងបានចំនួន ១២១ បង្គោល។ នេះបើតាមការបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មាន៕អត្ថបទ៖ វ៉ន ដារ៉ា


