ស៊ីហ្គេម៖ ម៉ាឡេស៊ីពេញចិត្តនឹងការរៀបចំកន្លែងប្រកួតកីឡាស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភាខាងមុខនេះ។
នាយបេសកកម្មស៊ីហ្គេមរបស់ម៉ាឡេស៊ីលោក Datuk Mohd Nasir Ali បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកមកភ្នំពេញថ្មីៗនេះបានបង្ហាញថា ការរៀបចំដំណើរការបានល្អ និងលឿន អាចនិយាយបានថារួចរាល់តាមគម្រោង ប៉ុន្តែភូមិកីឡានឹងត្រូវបញ្ចប់ឆាប់ៗនេះ។ លោកបន្តថា ភូមិកីឡាគឺនៅក្បែរពហុកីឡដ្ឋានជាតិមរតកតេជោ។ លោក Nasir បានប្រាប់អ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំគណៈកម្មការជ្រើសរើសកីឡាករសម្រាប់ស៊ីហ្គេមថា យើងពេញចិត្តការរៀបចំ ប៉ុន្តែព្រួយបារម្ភពីការដឹកជញ្ជួន (ចរាចរណ៍) និងម្ហូបហាលាល់សម្រាប់កីឡាករ។
លោកបានបង្ហាញថា ក្រុមកីឡាករជម្រើសជាតិម៉ាឡេស៊ីដែលចម្រុះជើងចាស់ និងកីឡាក្មេងអាចនាំមេដាយច្រើនជូនម៉ាឡេស៊ី។ ស៊ីហ្គេម ២០២១ នៅវៀតណាម ដែលលើកមកប្រកួតនៅឆ្នាំ២០២២ ម៉ាឡេស៊ីបញ្ចប់នៅចំណាត់ថ្នាក់លេខ៦ តារាងចំណាត់ថ្នាក់មេដាយ ក្នុងនោះមេដាយមាស៣៩ ប្រាក់៤៥ និងសំរឹទ្ធ៩០៕
អត្ថបទ៖ គង់ ហួន