អាមេរិក៖ សេតវិមានបាននិយាយថា ពុំមានការបញ្ជាក់ថា វត្ថុហោះទាំង៣ ដែលបានបាញ់កម្ទេចនៅលើអាកាសកាលពីចុងសប្ដាហ៍មុនដោយយោធាអាមេរិក ត្រូវបានជាប់ពាក់ព័ន្ធនឹងការឈ្លបយកការណ៍របស់ចិននោះទេ។

អ្នកនាំពាក្យសេតវិមានលោក John Kirby បាននិយាយថា វត្ថុទាំងនោះអាចទាក់ទងនឹងពាណិជ្ជកម្ម ឬក្រុមអង្គភាពស្រាវជ្រាវ ដូច្នេះវាមិនមែនជាបាឡុងចារកម្មរបស់ចិន។ ក្រុមមន្ត្រីសហរដ្ឋអាមេរិក និងកាណាដាពុំទាន់បានកំណត់ទីតាំង ឬរកឃើញបំណែកពីយានទាំង៣ ដែលត្រូវបានបាញ់ទម្លាក់នៅឡើយទេ។ កាលពីថ្មីៗនេះ ទីក្រុងប៉េកាំងបានចោទសហរដ្ឋអាមេរិកពីបទបញ្ចេញប្រតិកម្មជ្រុលហួសហេតុ។
ប្រទេសចិនបានទាត់ចោលមួយក្នុងចំណោមបាឡុងរបស់ខ្លួន ដែលត្រូវបានបាញ់កម្ទេចដោយយន្តហោះចម្បាំងអាមេរិកកាលពីដើមខែនេះ នៅក្បែរឆ្នេរសមុទ្ររដ្ឋ South Carolina ដែលថា ខ្លួនប្រើប្រាស់សម្រាប់ការឈ្លបយកការណ៍ ដោយនិយាយថា យាននេះគឺប្រើសម្រាប់ការតាមដានអាកាសធាតុ ដែលត្រូវបានរសាត់តាមកម្លាំងខ្យល់។ នៅសន្និសីទសារព័ត៌មានប្រចាំថ្ងៃកាលពីថ្ងៃអង្គារ លោក Kirby និយាយថា វាពិតជាលំបាកក្នុងការកំណត់គោលបំណង ឬប្រភពនៃវត្ថុហោះទាំង៣ នោះ លុះត្រាតែរកឃើញបំណែក និងឆ្លងកាត់ការវិភាគ៕
អត្ថបទ៖ សុខមាន