បាល់ទាត់៖ ក្រុមតោខៀវ Chelsea នឹងត្រូវប្រឈមជាមួយម្ចាស់ផ្ទះអាល្លឺម៉ង់ Borussia Dortmund រាត្រីនេះជើងទី១ វគ្គ ១៦ក្រុមចុងក្រោយ UEFA Champions League ជាមួយនឹងក្តីសង្ឃឹមថានឹងអាចកែប្រែទម្រង់លេងដ៏អាក្រក់មួយរយៈចុងក្រោយ។

ក្រុមរបស់លោក Graham Potter ឈ្នះតែ ២ប្រកួតប៉ុណ្ណោះក្នុងចំណោម ៨ប្រកួតចុងក្រោយនៅ Premier League ធ្លាក់ដល់លេខ ១០ ក្នុងតារាងតាមពីក្រោយក្រុមកំពូលតារាង Arsenal ដល់ទៅ ២០ពិន្ទុ។ Chelsea បានចំណាយលុយច្រើនសន្ធឹកសន្ធាប់ក្នុងពេលទីផ្សារទិញដូរកីឡាករកាលពីមករាកន្លងមក តែ UEFA អនុញ្ញាតឱ្យបញ្ចូលឈ្មោះកីឡាករថ្មីតែ ៣នាក់ប៉ុណ្ណោះនៅ Champions League នេះ។ លោក Graham Potter បានសំរេចជ្រើសរើសកីឡាករតម្លៃ ១០៦.៨លានផោន Enzo Fernandez ដែលទិញពី Benfica, ខ្សែបម្រើអ៊ុយក្រែន Mykhailo Mudryk និង Joao Felix។
ទោះបីជាទម្រង់លេងមិនល្អនៅ Premier League លោក Graham Potter ដែលទទួលតំណែងបន្តពីលោក Thomas Tuchel នោះបានដឹកនាំ Chelsea ស្មើមួយ និងឈ្នះ ៤ នៅវគ្គចែកពូល UCL។ ចំណែកគូប្រកួតយប់នេះ ក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ Borussia Dortmund ជាក្រុមកំពុងមានទម្រង់លេងល្អជាមួយនឹងជ័យជំនះ ៦ប្រកួតជាប់គ្នានៅក្នុងលីគឡើងមកឈរលេខ៣ ក្នុងតារាងតាមពីក្រោយ Bayern Munich តែ ៣ពិន្ទុប៉ុណ្ណោះ៕
អត្ថបទ៖នាង សុភាវុធ