បាល់ទាត់៖ កាតាដែលជាម្ចាស់ផ្ទះ World Cup 2022 កន្លងទៅ បានបញ្ជូនផ្ទះចល័តប្រមាណ ១ម៉ឺនទូកុងតឺន័រទៅឱ្យទួកគី និងស៊ីរីដែលកំពុងរងគ្រោះធ្ងន់ធ្ងរដោយសារគ្រោះរញ្ជួយដី។

មនុស្សប្រមាណ ៤ម៉ឺននាក់ត្រូវបានគេគិតថាបានបាត់បង់ជីវិត ក្នុងគ្រោះរញ្ជួយដីលើប្រទេសទាំងពីរកាលពីសប្តាហ៍មុន ស្របពេលមនុស្សប្រមាណ ១លាននាក់មិនមានទីជម្រកឡើយនៅទួកគី ហើយគេជឿថា មនុស្សច្រើនជាងនេះទៀតនៅស៊ីរីកំពុងគ្មានទីជម្រកផងដែរ។ សូមបញ្ជាក់ថា ផ្ទះចល័តនេះត្រូវបានដំឡើងនៅលើវាលខ្សាច់ដែលលាតសន្ធឹងជុំវិញរដ្ឋធានីដូហារបស់កាតា គឺប្រើប្រាស់សម្រាប់អ្នកគាំទ្រដែលមកទស្សនាបាល់ទាត់ពិភពលោក។

អ្នកគាំទ្របានចំណាយប្រាក់ប្រហែល ២០០ដុល្លារក្នុងមួយយប់ដើម្បីស្នាក់នៅក្នុងលំនៅឋាន ដែលជួយជៀសវាងការខ្វះខាតទីកន្លែងស្នាក់ដែលអាចកើតមាន ក្នុងអំឡុងពេលការប្រកួតពេញមួយខែដែលបានធ្វើឡើងនៅក្នុងខែវិច្ឆិកា និងខែធ្នូ៕
អត្ថបទ៖នាង សុភាវុធ