កណ្ដាល៖ ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តក្នុងគោលបំណង "ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់" គឺដើម្បីជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋ ដែលកំពុងតែត្រូវការឈាមជាចាំបាច់ក្នុងការសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ។
ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល ខេត្តកណ្ដាល បានដឹកនាំយុទ្ធនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី១៤ ខែកុម្ភៈ ម្សិលមិញ នៅមន្ទីរពេទ្យបង្អែកជ័យជម្នះ ក្រុងតាខ្មៅ ខេត្តកណ្ដាល ក្នុងថ្ងៃនៃក្ដីស្រឡាញ់ ។
ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើងថា ឈាមមានសារសំខាន់ណាស់ សម្រាប់ជួយសង្គ្រោះជី វិតមនុស្ស ដូចនេះ ប្រជាពលរដ្ឋគួរចូលរួមដោយស្ម័គចិត្ត បរិច្ចាគឈាម ដើម្បីសង្គ្រោះអាយុជីវិត។
ក្នុងឱកាសចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នាថ្ងៃនៃសេចក្ដីស្រឡាញ់ ១៤ កុម្ភៈ យុវជនសហ ភាពសហព័ន្ធយុវជនកម្ពុជា រួមទាំងព្រះសង្ឃ បានយល់អំពីសារសំខាន់នៃការផ្ដល់ឈាម សម្រាប់ជនរងគ្រោះ ដែលកំពុងខ្វះខាត និងត្រូវការឈាមជាចាំបាច់ ។
ឯកឧត្ដម គង់ សោភ័ណ្ឌ បានបញ្ជាក់ថា សម្រាប់ថ្ងៃនៃសេចក្ដីស្រឡាញ់ ១៤កុម្ភៈ ឆ្នាំក្រោយ នឹង មានការផ្តល់ឈាមទៀតដោយស្ម័គ្រចិត្ត ៕អត្ថបទ៖ សៅ យ៉ាម៉ង់