ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតទំនិញ និងសេវា និងបទប្បញ្ញត្តិពាក់ព័ន្ធនានា ជូនដល់អ្នកសារព័ត៌មាន និងពាណិជ្ជករ ព្រមទាំងភាគីពាក់ព័ន្ធ។
ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍នៃការធ្វើពាណិជ្ជកម្ម នៅពេលបច្ចុប្បន្ន និងដើម្បីការពារអ្នកប្រើប្រាស់ ជំរុញអោយមានការប្រកួតប្រជែងប្រកបដោយសុចរិត រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយទៀតស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញ និងសេវា ដែលបានសម្រេចអោយប្រើប្រាស់ជាផ្លូវការ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមក។
ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្រ្កាបការក្លែងបន្លំ បានមានប្រសាសន៍នៅក្នុងសិក្ខានៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា កម្មវិធីសិក្ខាសាលានេះ រៀបចំឡើងដើម្បីអោយភាគីពាក់ព័ន្ធបានឈ្វេងយល់បន្ថែមពីលិខិតបទដ្ឋានគតិយុត្តិថ្មីៗ ពាក់ព័ន្ធទៅនឹងការផ្សាយពាណិជកម្មលើផលិតផលទំនិញ និងសេវា ទៅតាមគ្រប់មធ្យោបាយដូចជាការផ្សាយតាមសោតទស្សន៍ ប្រព័ន្ធអេឡិចត្រូនិច ការបោះពុម្ភផ្សាយ ការផ្សាយជាសំឡេងការដាក់តាំងបង្ហាញ ផ្សាយតាមរបៀបដាក់លើសំបកវេចខ្ចប់ទំនិញជាដើម។
ឯកឧត្តម ឌឹម ថេង អគ្គនាយករងនៃ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមហ៊ុនមួយចំនួនបានប្រើប្រាស់រូបភាព ខ្លឹមសារផ្សាយពាណិជ្ជកម្មលើសពីអ្វីដែលផលិតផល ឬ សេវាកម្មដែលខ្លួនមាន ដែលនាំអោយអ្នកប្រើប្រាស់ខាតបង់ប្រយោជន៍ បាត់បង់នូវទំនុកចិត្ត រីឯផលិតផលមួយចំនួនទៀត មានការផ្សព្វផ្សាយបែបមិនពិត ភូតកុហុក ពង្វាងការពិត ក្លែងបន្លំ ធ្វើអោយមានការភាន់ច្រឡំអំពីគុណភាពនិងសុវត្ថិភាពនៃផលិតផលទំនិញនិងសេវាទាំងនោះ។
ឯកឧត្តម បានបន្តថា អនុក្រឹត្យដែលបាននឹងកំពុងផ្សព្វផ្សាយនេះគឺកំណត់អំពីយន្តការបែបបទ និង នីតិវិធីក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម លើផលិតផលទំនិញ និងសេវា ដើម្បីការពារអ្នកប្រើប្រាស់ និងជម្រុញអោយមានការប្រកួតប្រជែងប្រកបដោយសុចរិត។
សូមបញ្ជាក់ថា អនុក្រឹត្យនេះ មានវិសាលភាព អនុវត្តចំពោះការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញ និងសេវា តាមគ្រប់ប្រភេទ គ្រប់ទម្រង់ និង គ្រប់មធ្យោបាយ រួមទាំងតាមមធ្យោបាយឌីជីថល នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖សូដាវណ្ណ




