ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសក្រុមឧក្រិដ្ឋជនគ្រឿងញៀនចំនួន៨នាក់ ដោយម្នាក់ៗដាក់ពន្ធនាគារពី១២ ទៅ៣០ឆ្នាំ និងមានមនុស្ស៣នាក់ទៀតរួចផុតពីពីការចោទប្រកាន់។
លោក ហុក ពៅ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានលើកយកសំណុំរឿងឧក្រិដ្ឋគ្រឿងញៀន ដែលមានជនជាប់ចោទជនជាតិវៀតណាម ថៃ ខ្មែរ ចំនួន១១នាក់ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនជិត៤៥គីឡូក្រាម មកសម្រេចផ្តន្ទាទោសចំនួន៨នាក់ ដោយឱ្យជាប់ពន្ធនាគារក្នុងម្នាក់ៗពី១២ ទៅ ៣០ឆ្នាំ។ ចំណែកឯជនជាប់ចោទចំនួន៣នាក់ទៀត ត្រូវបានតុលាការសម្រេចទម្លាក់ចោលបទចោទប្រកាន់ និងបង្គាប់ឱ្យនៅក្រៅឃុំ ដោយសារតែពុំមានពិរុទ្ធភាពដូចការចោទប្រកាន់ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមបញ្ញត្តិមាត្រា៤០ ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន។
ក្នុងសំណរឿងនេះចៅក្រមជំនុំជម្រះបានសម្រេចផ្ដន្ទាទោសឈ្មោះ សុខ ទឹង ឈ្មោះ សុខ គន្ធា និងឈ្មោះ យឿន សារ៉ុម ជាជនជាតិខ្មែរ ដាក់ពន្ធនាគារ១២ឆ្នាំ និងពិន័យជាប្រាក់ម្នាក់ៗចំនួន៤០លានរៀល។ ក្រៅពីជនជាប់ចោទទាំង៣ ចៅក្រមជំនុំជម្រះបានសម្រេចផ្ដន្ទាទោស ឈ្មោះ ម៉ុត សុផុន និងឈ្មោះ សេង ឡាទី ជាជនជាតិខ្មែរដាក់ពន្ធនាគារ២៥ឆ្នាំ និងពិន័យជាប្រាក់ ៦០លានរៀល។ ចំពោះជនជាតិថៃ២នាក់ ចៅក្រមជំនុំជម្រះសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ៣០ឆ្នាំ ពិន័យជាប្រាក់ចំនួន ៨០លានរៀលលើឈ្មោះ WEERAPHAT HUN-GRATHANAPONGSORN និងឈ្មោះ SONGWAT BAU-SRI។ ចៅក្រមជំនុំជម្រះក៏បានសម្រេចផ្ដន្ទាទោសឈ្មោះ LAM HONG PHUNG ជនជាតិវៀតណាម ដាក់ពន្ធនាគារ១២ឆ្នាំ និងពិន័យជាប្រាក់ ចំនួន៤០លានរៀលផងដែរ។ ក្នុងសំណរឿងដដែលនេះមានជនជាតិខ្មែរចំនួន៣នាក់បានរួចផុតពីការចោទប្រកាន់មាន ឈ្មោះ ឆេង ឡាយ ឈ្មោះ ហេង សុគុណ និងឈ្មោះ សិត វិសាល។
គួររំលឹកថា កាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ កម្លាំងជំនាញ.ក១ នៃមន្ទីរប្រឆាំងគ្រឿងញៀនសហការជាមួយនគរបាលរាជាធានីភ្នំពេញ និងបន្ទាយមានជ័យបានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាបករណីរក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀននេះ ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីជនជាតិវៀតណាម ថៃ ខ្មែរ ចំនួន១១នាក់ និងដកហូតសារធាតុញៀនជិត៤៥គីឡូក្រាម នៅទីតាំងចំនួន៥កន្លែងពីគ្នា៕អត្ថបទ៖ កុម្ភៈ





