អន្តរជាតិ ៖ វិមានក្រឹមឡាំងនិយាយថា សម្ព័ន្ធមិត្តយោធាអង្គការណាតូដឹកនាំដោយសហរដ្ឋអាមេរិក បង្កអរិភាពលើរុស្ស៊ីរាល់ថ្ងៃ ហើយនិងកំពុងលូកដៃចូលកាន់តែជ្រៅទៅក្នុងសង្រ្គាមអ៊ុយក្រែន ។ លោក Dmitry Peskov គឺជាអ្នកនាំពាក្យវិមានក្រឹមឡាំង និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ណាតូគឺជាអង្គការបង្កអរិភាពមកលើពួកយើង ហើយពួកគេកំពុងរករឿងពួកយើងរាល់ថ្ងៃ ។ លោកបន្តថា ពួកគេខំប្រឹងព្យាយាមពាក់ព័ន្ធនឹងជម្លោះអ៊ុយក្រែន ។ ទីក្រុងម៉ូស្គូ និយាយថា ការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនដោយប្រទេសសម្ព័ន្ធមិត្តអង្គការណាតូ នឹងអូសបន្លាយសង្រ្គាម ហើយនិងធ្វើឲ្យជម្លោះកាន់តែឡើងកម្តៅបន្ថែមទៀត ៕

