ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា បុរសជនជាតិខ្មែរម្នាក់អាយុ ៦៥ឆ្នាំ បានស្លាប់ដោយសាររបួសធ្ងន់ធ្ងរបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍ មិនមែនបណ្ដាលមកជំងឺកូវីដ១៩ឡើយ។
ក្រសួងសុខាភិបាល បានបញ្ជាក់បែបនេះក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ដោយនិយាយថា បុរសរូបនេះដែលរស់នៅឯខេត្តត្បូងឃ្មុំ បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈ ឬមន្ទីរពេទ្យលោកសង្ឃនៅរាជធានីភ្នំពេញ ចន្លោះថ្ងៃទី១២ ដល់ថ្ងៃទី១៩ ខែមេសា ក្រោយជួបប្រទះគ្រោះថ្នាក់ចរាចរណ៍។
ក្រសួងបញ្ជាក់ទៀតថា បុរសរូបនេះ ត្រូវបានក្រុមគ្រួសារនាំយកទៅសម្រាកព្យាបាលបន្តនៅឯមន្ទីរពេទ្យបង្អែកព្រះនរោត្ដម សីហនុ ត្បូងឃ្មុំ វិញ ហើយបានស្លាប់នៅទីនោះកាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែមេសា។
ក្រសួងអះអាងថា លទ្ធផលវិភាគសំណាកលើសពបុរសរូបនេះ រកឃើញថា គាត់បានឆ្លងមេរោគកូវីដ១៩ ប៉ុន្តែ ក្រសួងបញ្ជាក់ថា បុរសរូបនេះស្លាប់ដោយសារការប៉ះទង្គិចធ្ងន់ធ្ងរបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍៕