បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារស្នាក់គណបក្សឃុំឬស្សីក្រោក ស្រុកមង្គលបុរី។
មានមតិនៅក្នុងពិធីសម្ពោធ ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាសម្រេចបាននូវសមទ្ធិផលធំធេងជាបន្តបន្ទាប់ និងធ្វើឲ្យសង្គមជាតិ មានការរីកចម្រើនលើគ្រប់វិស័យ។
ដោយឡែក សមាជិកបក្ស និងថ្នាក់ដឹកនាំគណបក្សក្រុង ស្រុក ក្នុងខេត្តបន្ទាយមានជ័យ បានរួមសាមគ្គី ឯកភាពគ្នាជាធ្លុងមួយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តភារកិច្ចឲ្យទទួលបានលទ្ធផលល្អប្រសើរ ដើម្បីជាកត្តាកំណត់ធ្វើឲ្យយើងទទួលបានការរីកចម្រើនដូចសព្វថ្ងៃនេះ គឺដោយសារមានសន្តិភាព និងស្ថិរភាពនយោបាយ។
ឯកឧត្តម អ៊ុំ រាត្រី ក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវបន្តចុះអោយដល់ផ្ទះរបស់ប្រជាពលរដ្ឋដើម្បីជួយដោះស្រាយរាល់បញ្ហាដែលកើតមានឡើងចំពោះពួកគាត់ ហើយត្រូវរាយការណ៍បន្តភ្លាមប្រសិនបើបញ្ហានោះហួសពីសមត្ថភាពក្នុងការដោះស្រាយតាមថ្នាក់របស់ខ្លួននីមួយៗ។






