ភ្នំពេញ ÷ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញប្រកាសទទួលស្គាល់សមាសភាពក្រុមប្រឹក្សាភិបាល និងចូលកាន់ តំណែងនាយកមន្ទីរពេទ្យ ហ្លួងម៉ែ, នារសៀលថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ អាជ្ញាធររាជធានីភ្នំពេញ រួមនឹងមន្រី្តរាជការ។
ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ ក្នុងឱកាសដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សេចក្តីទុកចិត្ត តែងតាំង៖ ឯកឧត្ដម វេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាប្រធានក្រុមប្រឹក្សា និងសមាជិកទាំងអស់ -លោកវេជ្ជបណ្ឌិតឯកទេស ស៊ូ ស៊ីផាណ្ណា ជានាយកមន្ទីរពេទ្យ ហ្លួងម៉ែ និងគណៈគ្រប់គ្រងទាំងអស់នាពេលនេះ។
បន្ទាប់ពីបានស្តាប់នូវការប្តេជ្ញាចិត្តរបស់លោកវេជ្ជបណ្ឌិតឯកទេស ស៊ូ ស៊ីផាណ្ណា រួចមក ឯកឧត្តម រដ្ឋមន្រី្តសូមសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះលោកនាយកមន្ទីរពេទ្យ ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ នៃមន្ទីរពេទ្យ ហ្លួងម៉ែ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ច និងបេសកកម្មរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ នាពេលកន្លងមក លើសកម្មភាព និងវឌ្ឍនភាពនៃការរៀបចំមន្ទីរពេទ្យ ហ្លួងម៉ែ ឱ្យក្លាយទៅជាមន្ទីរពេទ្យ ឯកទេសព្យាបាលជំងឺមហារីក ដោយគូសរំលេចអំពីការយកចិត្តទុកដាក់ក្នុងការជំរុញពន្លឿនការអនុវត្តន៍ ការងារ។ ជាពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបានសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាមធ្យមប្រចាំឆ្នាំ ប្រមាណ៧% ក្នុងចន្លោះឆ្នាំ២០១០-២០១៩។ ទោះបីជាវិបត្តិនៃជំងឺកូវីដ-១៩ បានធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះ ក្នុងឆ្នាំ២០២០ ការដាក់ចេញ និងអនុវត្តវិធានការរដ្ឋបាល និងសុខាភិបាល ប្រកបដោយភាពម៉ឺងម៉ាត់ និងប្រសិទ្ធភាព គួបផ្សំនឹងការអនុវត្តដោយ ជោគជ័យនូវយុទ្ធនាការចាក់វ៉ាក់សាំង-១៩ ទូទាំងប្រទេស ដែលធ្វើឱ្យកម្ពុជាសម្រេចបានភាពស៊ាំសហគមន៍ កម្រិតខ្ពស់ បានអនុញ្ញាតឱ្យកម្ពុជា បើកសកម្មភាពសង្គម-សេដ្ឋកិច្ចលើគ្រប់វិស័យមុនប្រទេសជាច្រើននៅក្នុងតំបន់ និងលើសកលលោក ចាប់តាំងពីចុងឆ្នាំ២០២១មក។ ទន្ទឹមនេះដែរ ការដាក់ចេញនិងការអនុវត្ត នូវក្របខណ្ឌយុទ្ធសាស្ត្រនិងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ បានធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញក្នុង អត្រាប្រមាណ៣%នៅឆ្នាំ២០២១ និងរំពឹងថាសម្រេចបាន ក្នុងអត្រាកំណើនប្រមាណជាង ៥% ក្នុងឆ្នាំ២០២២ និងប្រមាណ៦% ក្នុងឆ្នាំ២០២៣នេះ។
ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់ទៀតថា ការអនុញ្ញាតឱ្យបើកសកម្មភាពសង្គម-សេដ្ឋកិច្ចលើគ្រប់វិស័យទាំងអស់នេះ គឺកើតចេញពីការខិតខំប្រឹងប្រែងផងដែរ ពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកគ្រប់លំដាប់ថ្នាក់ នៃក្រសួងសុខាភិបាល និងអ្នកពាក់ព័ន្ធ ដែលលះបង់សេចក្តីសុខផ្ទាល់ខ្លួន ក្នុងការប្រតិបត្តិជាកងទ័ពអាវស ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលបានបំផ្លិចបំផ្លាញធនធានមនុស្ស និងធនធានសេដ្ឋកិច្ចលើសកលលោក។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម បានជម្រាបជូនពីសាវតាខ្លះៗ នៃការកកើតមន្ទីរពេទ្យ ហ្លួងម៉ែ។ មន្ទីរពេទ្យ ហ្លួងម៉ែ មានឈ្មោះដើមថា មន្ទីរពេទ្យ ស្រ្តីនគរទេព ត្រូវបានបង្កើតឡើង និងដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជាការផ្តួចផ្តើមគំនិតដំបូងរវាងលោកស្រី ជេននី រីត ស្កេស (Janne Ritskes) ប្រធានអង្គការ តាប៊ីថា កម្ពុជា (Tabitha Cambodia) ជនជាតិ ហូឡង់ និង លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។ ដោយស្ថានភាពនៅកម្ពុជា បាននិងកំពុងយាយីយ៉ាងខ្លាំងពីជំងឺកូវីដ-១៩ ដែលមានការឆ្លងរីករាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេស ដែលចំនួនអ្នកឆ្លងបានកើនឡើងជាង២ពាន់នាក់ ក្នុងមួយថ្ងៃ រីឯអ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមានចំនួនជាង១ពាន់នាក់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទិញយកមន្ទីរពេទ្យស្រី្តនគរទេព សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ និងបានកែប្រែឈ្មោះមន្ទីរពេទ្យ ស្រី្តនគរទេព ទៅជាមន្ទីរពេទ្យ ហ្លួងម៉ែ។ សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ បានធ្វើលិខិតទូលថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ អំពីការទិញ និងប្ដូរឈ្មោះមន្ទីរពេទ្យ ស្រ្តីនគរទេព ទៅជាមន្ទីរពេទ្យ ហ្លួងម៉ែ ដើម្បីថ្វាយព្រះបរមរាជកិត្តិយស ចំពោះព្រះរាជកិច្ចដឹកនាំ ប្រកបដោយទសពិធរាជធម៌ និងព្រះរាជមនុស្សធម៌ តាមព្រះរាជលំអានព្រះមហាវិរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ក្រោយពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាបានធូរស្បើយឡើងវិញ សម្តេចតេជោនាយករដ្ឋមន្តី បានសម្រេចបញ្ញាឱ្យស្ថាប័នពាក់ព័ន្ធ រៀបចំមន្ទីរពេទ្យហ្លួងម៉ែ ទៅជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក ដើម្បីធានាឱ្យផ្នែកជំងឺនេះមានទីតាំងព្យាបាលមួយជាក់លាក់នៅកម្ពុជា ដោយហេតុថាបច្ចុប្បន្នចំនួនអ្នកជំងឺមហារីកមានចំនួនច្រើន។ ការថ្លែងនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ក្នុងជំនួបសំណេះសំណាលជាមួយកីឡាករ កីឡាការិនី និងអត្តពលិកចំនួន ៥៦០នាក់ មុន ពេលចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម៕ អត្ថបទ ÷ រដ្ឋា












