ចិន៖ ប្រទេសចិនកាលពីថ្ងៃពុធបាននិយាយថា ខ្លួននឹងចាត់វិធានការប្រឆាំងនឹងអង្គភាពនានារបស់សហរដ្ឋអាមេរិក ដែលបានជាប់ពាក់ព័ន្ធទៅនឹងការបាញ់ទម្លាក់បាឡុងដែលអាមេរិកចោទថា ជាបាឡុងចារកម្មរបស់ចិននៅក្បែរឆ្នេរសមុទ្រខាងកើតរបស់អាមេរិក។

នៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin ពុំបានផ្ដល់ព័ត៌មានលម្អិតទេ ហើយក៏ពុំបានបញ្ជាក់ពីគោលដៅនៃចំណាត់ការតបរបស់ខ្លួនដែរ។ ប្រទេសចិនបាននិយាយថា បាឡុងនោះគឺជាយានអាកាសគ្មានមនុស្សបើកសម្រាប់តាមដានអាកាសធាតុ ដែលត្រូវបានបាញ់កម្ទេចចោល ហើយបានចោទប្រកាន់សហរដ្ឋអាមេរិកថា មានប្រតិកម្មខ្លាំងជ្រុលហួសហេតុពេកក្នុងការបាញ់ទម្លាក់ ដោយប្រើមីស៊ីលបាញ់ចេញពីយន្តហោះចម្បាំង F-22។ ចាប់តាំងពីការបាញ់ទម្លាក់បាឡុងកាលពីថ្ងៃទី៤ ខែកុម្ភៈ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើអង្គភាពចំនួន៦ របស់ចិន ដែលខ្លួននិយាយថា មានជាប់ពាក់ព័ន្ធទៅនឹងកម្មវិធីលំហអាកាសរបស់ក្រុងប៉េកាំង។
ខណៈដែលចិនបានទាត់ចោលថា បាឡុងនោះមិនមែនប្រើសម្រាប់គោលដៅយោធាទេ ប្រទេសនេះក៏ពុំបាននិយាយនៅឡើយដែរថា ក្រសួង ឬក្រុមហ៊ុនអ្វីរបស់រដ្ឋាភិបាលអាមេរិកដែលនឹងត្រូវទទួលខុសត្រូវ។ បន្ទាប់ពីការបង្ហាញការសោកស្ដាយភ្លាមៗ ពាក់ព័ន្ធនឹងការឆ្លងចូលរបស់បាឡុងទៅក្នុងដែនអាកាសសហរដ្ឋអាមេរិក ប្រទេសចិនបានចោទប្រកាន់សកម្មភាពចារកម្មទៅលើទីក្រុងវ៉ាស៊ីនតោនវិញ ព្រមទាំងការគំរាមសងសឹកវិញផងដែរ៕ អត្ថបទ៖ សុខមាន