ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹងជញ្ជូន។
ពិធីបិទសន្និបាត របស់ក្រសួងសាធារណការ នាពេលនេះ ប្រារព្ធធ្វើឡើងនៅទីស្ដីការក្រសួង ហើយអង្គសន្និបាតត្រូវបានប្រាព្ធឡើងក្នុងគោលបំណងចម្បងដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើស្នាដៃ និងលទ្ធផលការងារ ដែលថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ ក្រោមឱវាទក្រសួង បានអនុវត្តរយៈពេលមួយឆ្នាំ២០២២ កន្លងទៅ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៣ នេះ ជាមួយនឹងទិសស្លោក «បន្តលើកកម្ពស់គុណភាព នៃការកសាងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធដឹកជញ្ជូន ប្រកបដោយប្រសិទ្ធភាព ចីរភាព បរិយាប័ន្ន និងការអភិវឌ្ឍធនធានមនុស្ស»។



