ការ៉ាតេ៖ កីឡាករ-កីឡាការិនីការ៉ាតេជម្រើសជាតិកម្ពុជា បានប្ដេជ្ញានឹងខំប្រឹងធ្វើឲ្យបានល្អបំផុតនៅក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ បន្ទាប់ពីពួកគេទទួលបានការប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការដណ្ដើមបានមេដាយក្នុងការប្រកួតជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍កាលពីឆ្នាំ២០២១ និងឆ្នាំ២០២២ កន្លងទៅ។
ម្ចាស់មេដាយមាសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២២ កីឡាករ ស្រៀង វិរៈ និងកីឡាការិនី លឹម សុខវិច្ឆិកា ម្ចាស់មេដាយសំរឹទ្ធជើងឯកអាស៊ីឆ្នាំ២០២១ បានបញ្ជាក់ថា បច្ចុប្បន្នខ្លួនកំពុងត្រៀមខ្លួនបានល្អ បន្ទាប់ពីការខិតខំហ្វឹកហាត់ដោយយកទុកដាក់។ ដូច្នេះស្របពេលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងផ្ដល់ប្រាក់រង្វាន់ បានធ្វើឲ្យពួកគេកាន់តែមានទំនុកចិត្តបន្ថែមទៀតសម្រាប់ការប្រកួតស៊ីហ្គេមនាពេលខាងមុខ។
សូមរំលឹកថា ថ្មីៗនេះតាមរយៈក្រសួងអប់រំ យុវជន និងកីឡា រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់រង្វាន់លើទឹកចិត្តសរុប ២៨៦លានរៀលដល់ជយលាភីកីឡាការ៉ាតេ នៃការប្រកួតអន្ដរជាតិចំនួន ២ព្រឹត្តិការណ៍គឺការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីលើកទី១៧ ឆ្នាំ២០២១ នៅទីក្រុងអាល់ម៉ានី ប្រទេសកាហ្សាក់ស្ថាន ដែលដណ្ដើមបានមេដាយសំរឹទ្ធ ២គ្រឿង និងការប្រកួតកីឡាការ៉ាតេជ្រើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៩ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដណ្ដើមបានមេដាយសរុប ៧គ្រឿងរួមមានមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ៥៕
អត្ថបទ៖ លី ឈុនឡា