ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ យ៉ូស៊ីដា យ៉ូស៊ីហ៊ីដេ មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
មេបញ្ជាការកងទ័ព ជើងគោកជប៉ុនបានអះអាងជំរាបសម្តេចតេជោ ហ៊ុន សែនថា ឯកឧត្តមនឹងជំរុញពង្រីក ពង្រឹង កិច្ចសហប្រតិបត្តិការជាមួយរវាងកងទ័ពជើងគោកជប៉ុន និងកងទ័ពកម្ពុជា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយស្មើភាព ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោបានប្រាប់ថា ឯកឧត្តម យ៉ូស៊ីដា បានសំដែងនូវការគោរពជូនសម្ដេចតេជោដែលបានកសាងទ័ព ដឹកនាំទ័ព និងដឹកនាំកិច្ចចរចានាំមកជូនកម្ពុជានូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។
ឯកឧត្តមបានបន្ថែមថា ប្រសិនបើគ្មានសម្ដេចតេជោទេ គឺគ្មានទេសន្តិភាព។ ឯកឧត្តមប្រកាសជំរុញពង្រីក ពង្រឹង កិច្ចសហប្រតិបត្តិការជាមួយកងទ័ពកម្ពុជាក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយស្មើភាព មិនមានអ្នកដើរពីមុខឬអ្នកដើរពីក្រោយគឺដៃគូស្មើភាពគ្នាដើម្បីបម្រើឲ្យការងារមនុស្សធម៌ផងនិងរក្សាសុខសន្តិភាពផង។
ក្នុងន័យនេះឯកឧត្តម យ៉ូស៊ីដា បានគោរពស្នើសុំការគាំទ្រដ៏ខ្ពង់ខ្ពស់អំពីសម្ដេចតេជោ។
ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះការវាយតម្លៃរបស់ឯកឧត្តម យ៉ូស៊ីដា ហើយបានជម្រាបជូនឯកឧត្តមអំពីដំណើរស្វែងរកសន្តិភាពរបស់កម្ពុជាដែលជាប្រទេសបានរងការបែកបាក់គ្នាដែលនៅពេលនោះគឺពិតជាមានការលំបាកណាស់ដែលកម្ពុជាបានបាត់បង់ស្ទើរតែទាំងអស់។
មួយចំណែកទៀតម្ខាងមានការកាប់សម្លាប់អស់ជាងបីលាននាក់ ហើយនៅពេលនោះក្នុងនាមជាយុវជនមួយរូប សម្ដេចតេជោគ្មានជម្រើសផ្សេងទេ គឺមានតែការកសាងទ័ពនិងតស៊ូចរចា និងយកជីវិតទៅប្តូរដើម្បីសន្តិភាពមានសន្តិភាព។ បើគ្មានសន្តិភាពទេគឺគ្មានទេ លទ្ធិប្រជាធិបតេយ្យ គ្មានទេសិទ្ធិមនុស្ស ហើយសិទ្ធិមនុស្សមិនជ្រកក្រោមសង្គ្រាមទេ យ៉ាងណាមិញដែលមានប្រទេសអ៊ុយក្រែនជាឧទាហរណ៍ស្រាប់៕







