
ភ្នំពេញ៖ ឯកឧត្ដមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានឱ្យដឹងថា ឆ្នាំ២០២២នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងអភិវឌ្ឍ និងធ្វើទំនើបកម្មចំណត កុងតឺន័រថ្មី តាមរយៈការសិក្សាជាមួយ JICA ដើម្បីប្រែក្លាយជាកំពង់ផែក្នុងតំបន់ដ៏មានសក្តានុពល ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ ដែលបច្ចុប្បន្នបាន។
ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹងជញ្ជូន ថ្លែងនាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាពឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានឱ្យដឹងទៀតថា កំពុងស្ថិតក្នុងនីតិវិធីដេញថ្លៃជ្រើសរើសក្រុមហ៊ុនសាងសង់ និង បាននិងកំពុងសិក្សា សមិទ្ធលទ្ធភាពសាងសង់ផែកុងតឺន័រ ជំហានទី២ និងជំហានទី៣ ក្នុងនោះ ជំហានទី២ ប្រវែង ៤១០ ម៉ែត្រ ជម្រៅទឹក ១៦,៥ម៉ែត្រ (២០២៥-២០២៨) និងជំហានទី៣ ប្រវែង ៤៤០ម ជម្រៅទឹក ១៧,៥ម (២០២៦-២០២៩។
ឯកឧត្ដមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានឱ្យដឹងបន្ដថា នៅក្នុងឆ្នាំ២០២២កន្លងទៅ ប្រព័ន្ធនេះបានជួយជំរុញការចុះបញ្ជីធ្វើប្រតិបត្តិការរបស់នាវា ដែលមានការកើនឡើងរហូតដល់ចំនួន ៣.៩៤៦គ្រឿង បានបញ្ចប់ការសាងសង់ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍កែប- កោះទន្សាយ ខេត្តកែប បានបញ្ចប់ការសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពត ដោយបច្ចុប្បន្នក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងទេសចរណ៍ និងក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងរៀបចំឯកសារ ជ្រើសរើសក្រុមហ៊ុនឯកជនឱ្យដាក់ឱ្យដំណើរការ គ្រប់គ្រង និងថែទាំកំពង់ផែ ឱ្យក្លាយជា កំពង់ផែទេសចរណ៍អន្តរជាតិ បាននិងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែ រួមនឹងសេចក្តីព្រាង ឯកសារគតិយុត្តសំខាន់ៗផ្សេងទៀត ហើយគ្រោងដាក់ស្នើសុំការអនុម័តពីរាជរដ្ឋាភិបាល នាពេលខាងមុខនេះ៕