បាល់ទាត់៖ ក្រុមដែលកំពុងមានទម្រង់លេងល្អ Borussia Dortmund បានបន្តស្ថិតិឈ្នះ ៧ប្រកួតជាប់គ្នាក្រោយយកឈ្នះ Chelsea ១-០ ជើងទី១ វគ្គ ១៦ក្រុមចុងក្រោយ UEFA Champions League។

តោខៀវ Chelsea ដែលកំពុងមានសំពាធខ្លាំងធ្លាក់មកលើអ្នកចាត់ការ Graham Potter មានឱកាសជាច្រើនតែគ្មានសំណាងជាពិសេសឱកាសរបស់ Joao Felix ពីរលើកស៊ុតរំលងរបាទី និងស៊ុតបុករបាទី ក៏ដូចជាឱកាសរបស់ Reece James ស៊ុត Freekick សង្គ្រោះបានដោយអ្នកចាំទី និងឱកាសម្តងទៀតរបស់ James ដដែលជួយបានដោយអ្នកចាំទី។ ក្នុងពេលដែល Chelsea ព្យាយាមសម្រុកខ្លាំងរកគ្រាប់បាល់ Dortmund មានឱកាសវាយបកមួយលើក Karim Adeyemi ប្រើបច្ចេកទេសដ៏អស្ចារ្យរបស់ខ្លួនអូសបាល់ម្នាក់ឯងជាងពាក់កណ្តាលទី ញាក់ដាច់ Enzo Fernandez និងអ្នកចាំទី Kepa ស៊ុតបញ្ចូលទីគ្រាប់ជ័យជំនះបានសំរេចនៅនាទីទី៦៣។

Koulibali ស្ទើតែរកគ្រាប់បាល់តាមស្មើបានទៅហើយ តែសង្គ្រោះបានដោយខ្សែការពារ Emre Can នៅលើខ្សែបន្ទាត់។ ចប់ការប្រកួត Chelsea បានត្រឹមសោកស្តាយក្នុងបរាជ័យ ១-០ នេះ និងត្រូវរង់ចាំត្រលប់ទៅជើងទី២ ក្នុងទឹកដីរបស់ខ្លួនវិញនៅថ្ងៃទី៧ ខែមីនា។ ចំណែកមួយប្រកួតទៀតយប់មិញដែរ ក្រុមភ្ញៀវព័រទុយហ្កាល់ Benfica នៅតែបន្តធ្វើបានល្អនៅ UCL ក្រោយយកឈ្នះនៅទឹកដី Club Bruges ២-០ ដោយគ្រាប់បាល់របស់ Joao Mario និង David Neres នៅវគ្គទី២។ បរាជ័យនេះសម្រាប់ Club Bruges មានន័យថា លោក Scott Parker ដែលមកកាន់តំណែងកាលពីខែធ្នូនោះដឹកនាំក្រុមឈ្នះតែ ១ប្រកួតប៉ុណ្ណោះក្នុងចំណោម ៨ប្រកួតក្នុងតំណែង៕
អត្ថបទ៖នាង សុភាវុធ