អង់គ្លេស៖ អាជ្ញាធរបាននិយាយកាលពីថ្ងៃពុធថា ក្មេងប្រុសម្នាក់ក្នុងចំណោមក្មេងប្រុស ១២នាក់ដែលត្រូវបានជួយសង្គ្រោះចេញពីរូងភ្នំលិចទឹកនៅប្រទេសថៃកាលពីឆ្នាំ២០១៨ បន្ទាប់ពីជាប់នៅក្នុងនោះអស់រយៈពេលជាង ២សប្តាហ៍បានស្លាប់នៅក្នុងប្រទេសអង់គ្លេស ខណៈកំពុងសិក្សាអាហារូបករណ៍ផ្នែកកីឡាបាល់ទាត់។

ក្មេងប្រុស Duangpetch Dom Promthep មានអាយុ ១៧ឆ្នាំត្រូវបានគេប្រទះឃើញសន្លប់នៅក្នុងបន្ទប់របស់គាត់កាលពីថ្ងៃអាទិត្យ នៅសាលាហ្វឹកហាត់បាល់ទាត់ប្រ៊ូក ហៅស៍ ខូឡិច (Brooke House College) ក្នុងទីក្រុងឡេសេសស្ទឺសៀ (Leicestershire) ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ជាកន្លែងដែលក្មេងប្រុសនេះបានស្លាប់កាលពីថ្ងៃអង្គារ។ ការស្លាប់របស់ក្មេងប្រុស Dom ត្រូវបានបញ្ជាក់ដោយសាលា និងមូលនិធិ Zico របស់ប្រទេសថៃ ដែលផ្តល់មូលនិធិដល់ការសិក្សារបស់ក្មេងប្រុសនេះ។ មូលហេតុនៃការស្លាប់នៅមិនទាន់ត្រូវបានបង្ហាញឱ្យដឹងនៅឡើយ ប៉ុន្តែនគរបាលទីក្រុងនិយាយថា វាមិនត្រូវបានគេចាត់ទុកថាជាករណីសង្ស័យនោះទេ៕
អត្ថបទ៖ ប៊ុនថន