អាមេរិក៖ យោងតាមនគរបាលបានឱ្យដឹងថា មនុស្សម្នាក់ស្លាប់ និង ៣នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីការបាញ់ប្រហារកាលពីល្ងាចថ្ងៃពុធនៅផ្សារទំនើប Cielo Vista ក្នុងទីក្រុង El Paso រដ្ឋតិចសាស់។ នគរបាលទីក្រុង El Paso និយាយនៅក្នុងសន្និសីទសារព័ត៌មានថា បុរសពីរនាក់កំពុងស្ថិតក្នុងការឃុំឃាំង ហើយលែងមានការគំរាមកំហែងដល់សាធារណជនទៀតហើយ។

អាជ្ញាធរនិយាយថា វាមានភាពវឹកវរ ខណៈមនុស្សបានរត់គេចខ្លួនព្រោះតែការភ័យខ្លាច។ មន្ទីរពេទ្យបានបញ្ជាក់ថា ជនរងគ្រោះជាបុរស ២នាក់ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រសាកលវិទ្យាល័យទីក្រុង El Paso ក្នុងស្ថានភាពធ្ងន់ធ្ងរ។ ផ្សារទំនើបមួយនេះនៅជាប់នឹងហាង Walmart ជាកន្លែងដែលមានការបាញ់ប្រហារកាលពីឆ្នាំ២០១៩ បណ្តាលឲ្យមនុស្ស ២៣នាក់ស្លាប់ និងបានបណ្តាលឲ្យមនុស្សជិត ២០នាក់ផ្សេងទៀតរងរបួស។
យោងតាមអង្គការហ្គាន់ វ៉ាយអឺលេន អាខាយ (Gun Violence Archive) បានឲ្យដឹងថា រហូតមកដល់ពេលនេះ នៅឆ្នាំនេះមានការបាញ់ប្រហារទ្រង់ទ្រាយធំជាង ៧០ដងនៅទូទាំងសហរដ្ឋអាមេរិក។ ទាំងប្រព័ន្ធផ្សព្វផ្សាយ CNN និង GVA កំណត់ថា ការបាញ់ប្រហារទ្រង់ទ្រាយធំ ជាការបាញ់ប្រហារដែលបណ្តាលឲ្យមនុស្សរងរបួស ឬស្លាប់ចាប់ពី ៤នាក់ ឬច្រើនជាងនេះ ដោយមិនរាប់បញ្ចូលអ្នកបាញ់ប្រហារនោះទេ៕
អត្ថបទ៖ ប៊ុនថន