ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសនៅថ្ងៃនេះថា មនុស្សដល់ទៅ ៥៨០នាក់ទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ ដែលនាំឱ្យតួលេខឆ្លងសរុបនៅកម្ពុជា បានកើនឡើងលើស ១ម៉ឺនករណីហើយត្រឹមថ្ងៃនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលនិយាយថា ករណីឆ្លងថ្មីសរុបដល់ទៅ ៥៧៩នាក់ បានឆ្លងមេរោគកូវីដ-១៩ បន្ទាប់ពីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ខណៈអ្នកឆ្លងថ្មី ១នាក់ទៀត គឺត្រូវបានរកឃើញលើពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ។
បើតាមក្រសួងសុខាភិបាល ករណីឆ្លងថ្មីទាំងនេះ ត្រូវបានរកឃើញច្រើនលើសលប់នៅរាជធានីភ្នំពេញរហូតដល់ ៣៣៧នាក់ បន្ទាប់មកខេត្តព្រះសីហនុ ៩១នាក់ ហើយខេត្តបន្ទាយមានជ័យក៏រកឃើញ ៩១នាក់ផងដែរ ខណៈខេត្តកណ្ដាលរកឃើញច្រើនលំដាប់ទី៣ចំនួន ៥១នាក់នៅថ្ងៃនេះ។
រីឯខេត្តព្រៃវែង និងខេត្តកំពង់ធំ ក្រសួងសុខាភិបាលបញ្ជាក់ថា បានរកឃើញអ្នកឆ្លងថ្មី ២នាក់ដូចគ្នា ហើយខេត្តកែប កំពង់ស្ពឺ និងកំពង់ឆ្នាំង រកឃើញអ្នកឆ្លងថ្មី ១នាក់ៗដូចគ្នាដែរ។
គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញឆ្លងមេរោគកូវីដ-១៩សរុបឡើងដល់ ១០ ៥៥៥នាក់ហើយ ក្នុងនោះករណីឆ្លងដល់ទៅ ១០ ០០៥នាក់ ឬស្មើនឹង ៩៥ភាគរយ សុទ្ធតែបានឆ្លងមេរោគកូវីដ-១៩ ក្រោយពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ចំណែកតួលេខអ្នកជាសះស្បើយវិញ ក្រសួងសុខាភិបាលបញ្ជាក់ថា មានអ្នកជំងឺកូវីដ-១៩ចំនួន ១៧៧នាក់បន្ថែមទៀត ត្រូវបានព្យាបាលជាសះស្បើយ ដែលនាំឱ្យតួលេខអ្នកជាសះស្បើយសរុបកើនដល់ ៣ ៥៧៧នាក់ ខណៈអ្នកជំងឺ ៦ ៨៩២នាក់ទៀត កំពុងស្ថិតក្រោមការព្យាបាលបន្ត៕