ប្រណាំងកង់៖ កីឡាករអាមេរិក Matteo Jorgenson បានក្លាយជាជើងឯកព្រឹត្តិការណ៍ប្រណាំងកង់ Tour of Oman ហើយ ទោះបីជាបញ្ចប់ដំណាក់កាលចុងក្រោយត្រឹមចំណាត់ថ្នាក់លេខ២ ក៏ដោយ។

ដំណាក់កាលចុងក្រោយនៅថ្ងៃពុធម្សិលមិញមានចម្ងាយផ្លូវ ១៥២.៥គីឡូម៉ែត្រឆ្លងកាត់តំបន់ភ្នំ កីឡាករប៊ែលហ្ស៊ិក Mauri Vansevenant ជាអ្នកឈ្នះដោយមកដល់ទីព្រ័ត្រមុនគេប្រើពេល ៣ម៉ោង ៥៣នាទី ៥១វិនាទី តាមពីក្រោយដោយ Matteo Jorgenson ក្នុងថេរវេលាដូចគ្នា និងលេខ៣ កីឡាករបារាំង Geoffrey Bouchard។ ដំណាក់កាលចុងក្រោយជាការប្រកួតដ៏ស្វិតស្វាញរវាង Mauri Vansevenant និង Matteo Jorgenson ដែលទីបញ្ចប់នោះ Jorgenson ដែលជិះឱ្យក្រុម Movistar ជាអ្នកគ្រងជើងឯកជាមួយនឹងវេលាចំណេញត្រឹម ១វិនាទីប៉ុណ្ណោះពី Vansevenant។ រំលឹកថា Tour of Oman ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១០ ហើយ Matteo Jorgenson ជាកីឡាករអាមេរិកដំបូងដែលឈ្នះជើងឯកក្នុងព្រឹត្តិការណ៍នេះ៕
អត្ថបទ៖នាង សុភាវុធ