បាល់ទាត់៖ មហាសេដ្ឋីអ៊ីរ៉ង់កាត់អាមេរិក Jahm Najafl ដែលជាប្រធានក្រុមហ៊ុន MSP Sports Capital គ្រោងនឹងដេញថ្លៃទិញយកភាគហ៊ុនក្លិបបាល់ទាត់អង់គ្លេស Tottenham Hotspur មកគ្រប់គ្រងក្នុងតម្លៃ ៣.៧៥ពាន់លានដុល្លារអាមេរិក នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។

មុននេះដែរសារព័ត៌មាន The Financial Times ក៏បានរាយការណ៍ដែរថា MSP Sports Capital កំពុងធ្វើការយ៉ាងខ្មួលខ្មាញ់ជាមួយក្រុមអ្នកវិនិយោគ ដើម្បីធ្វើរចនាសម្ព័ន្ធក្នុងការទិញយកភាគហ៊ុនរបស់ Spurs ដែលកំពុងកាន់កាប់ដោយលោក Joe Lewis និង Daniel Levy។ ក្រុមហ៊ុន MSP Sports Capital រួមជាមួយនឹងដៃគូនឹងបញ្ចេញសំណើទិញ ៧០% នៃតម្លៃលក់ ខណៈដៃគូដែលមានមូលដ្ឋាននៅ Abu Dhabi អារ៉ាប់រួមនឹងបូកបន្ថែម ៣០% ទៀត។ លោក Jahm Najalf បច្ចុប្បន្នក៏មានភាគហ៊ុនតូចនៅក្លិបបាល់បោះអាមេរិក NBA, Phoenix Suns ផងដែរ។
Tottenham Hotspur ដែលកំពុងដឹកនាំដោយលោក Antonio Conte កំពុងឈរលេខ៥ ក្នុងតារាងនៅ English Premier League មាន ៣៩ពិន្ទុពីការប្រកួត ២៣លើក និងដេញពីក្រោយក្រុមលេខ៤ Newcastle United ២ពិន្ទុ។ ក្លិបដែលមានមូលដ្ឋាននៅភាគខាងជើងទីឡុងដ៍មួយនេះ បានខកខានឈ្នះជើងឯកសំខាន់ៗតាំងពីឆ្នាំ២០០៨ ដែលពួកគេឈ្នះជើងឯក League Cup។ ក្លិបនៅ Premier League ផ្សេងទៀតក៏កំពុងស្ថិតក្នុងការចរចារកម្ចាស់ផ្ទះថ្មីដែររួមមាន Manchester United ដែលកំពុងមានទំនាក់ទំនងទិញពីកាតា និងសេដ្ឋីអង់គ្លេសប្រធានក្រុមហ៊ុន INEOS លោក Jim Ratcliffe ស្របពេលដែលហង្សក្រហម Liverpool ក៏កំពុងដាក់លក់ផងដែរ៕
អត្ថបទ៖នាង សុភាវុធ