ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០២៣នេះ បានអនុញ្ញាតឯកអគ្គរាជទូតរដ្ឋទូត នៃប្រទេសចំនួន៤ (ក្រុមប្រទេស Nordic) ប្រចំាកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការងារមួយចំនួន។
ប្រភពក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្រោយចប់ជំនួបនេះ បានឲ្យដឹងថា ឯកអគ្គរាជទូតរដ្ឋទូត នៃប្រទេសចំនួន៤ ដែលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនេះ រួមមាន ឯកឧត្តម Jon Astrom Grondahl ឯកអគ្គរាជទូតស៊ុយអ៊ែតប្រចាំកម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា ជាប្រធានប្រតិភូ, លោកជំទាវ Astrid Emilie Helle ឯកអគ្គរាជទូតណវ៉េប្រចាំកម្ពុជា និងថៃ, ឯកឧត្តម Jon Thorgaard ឯកអគ្គរាជទូតដេនម៉ាកប្រចាំកម្ពុជា និងថៃ និងឯកឧត្តម Jyri Jarviaho ឯកអគ្គរដ្ឋទូតហ្វាំងឡង់ដ៏ប្រចាំកម្ពុជា និងថៃ។
នៅក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានជម្រាបជូនភ្ញៀវថា កម្ពុជាបាននិងកំពុង បន្តពង្រឹងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរ និងភាពសុខដុមក្នុងទំនាក់ទំនងវិជ្ជាជីវៈ។
ពង្រឹងការអនុវត្តច្បាប់ស្តីពីសហជីព ដើម្បីធានានូវសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ដែលតំណាងឱ្យសំឡេង និងឆន្ទៈពិតប្រាកដរបស់កម្មករនិយោជិត និយោជក ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់គាត់ និងជាដៃគូសន្ទនាដ៏មានប្រសិទ្ធភាពក្នុងកិច្ចសន្ទនាសង្គម កិច្ចព្រមព្រៀងជាសកល (Global Deal Initiative) ការបន្តអនុវត្តបានយ៉ាងល្អនូវយន្តការត្រីភាគីក្នុងចរចា និងដោះស្រាយបញ្ហានានាប្រកបដោយជោគជ័យ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា និងការបន្តពង្រឹងយន្តការក្រុមប្រឹក្សាអាជ្ញាកណ្តាលសុទ្ធជាធាតុផ្សំនៃការកសាងជំនឿទុកចិត្តរបស់អ្នកវិនិយោគទុនប្រទេសទាំងនេះនៅកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត រដ្ឋទូតទាំងអស់ បានសំដែងនូវកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យ ជាពិសេសក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ-១៩ រដ្ឋាភិបាលកម្ពុជា បានគ្រប់គ្រងបានយ៉ាងល្អ ដែលអាចជួយសង្គ្រោះអាយុជីវិតប្រជាជន ហើយឈានទៅបើកដំណើរការសកម្មភាពសេដ្ឋកិច្ច សង្គមឡើងវិញពេញលេញលើគ្រប់វិស័យ។
ទន្ទឹមនឹងនេះ ក៏បានសំដែងនូវការកោតសសើរ ចំពោះការវិវត្តន៍រីកចម្រើននៃវិស័យការងារ ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើឱ្យប្រសើឡើងនូវកិច្ចសន្ទាសង្គម សិទ្ធិសេរីភាព អង្គការវិជ្ជាជីវៈ សិទ្ធិការងារ កាត់បន្ថយបាននូវិវាទការងារ មានយន្តការត្រីភាគីច្បាស់លាស់ដោះស្រាយការងារដោយឯករាជ្យ និងតម្លាភាព។
ក្រសួងការងារ បានបញ្ជាក់ថា ភាគីទាំងពីរ នឹងបន្តរួមគ្នាលើកិច្ចសហប្រតិបត្តិលើគម្រោងផ្សេងទៀត ដែលប្រទេសទាំងនេះមានគំរូដ៏ល្អសម្រាប់ចែករំលែកបទពិសោធន៍ សំដៅគាំទ្រក្នុងការធ្វើឱ្យប្រសើរថែមទៀតទាំងលើសេវាទីផ្សារការងារ ការកសាងធនធានមនុស្សដែលមានជំនាញវិជ្ជាជីវៈ ជាកម្លាំងពលកម្មជំនាញ ការធានានូវសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ លក្ខខណ្ឌការងារ និងការប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស ដើម្បីបន្តបង្កើននូវការជឿជាក់ និងភាពទាក់ទាញដល់អ្នកវិនិយោទុន និងអ្នកប្រើប្រាស់ទំនិញ មកលើប្រភពទំនិញពីកម្ពុជា ដែលជាប្រទេសអនុវត្តតាមអនុលោមភាពនៃបទដ្ឋានការងារអន្តរជាតិ៕អត្ថបទ៖ ឈិត បូរ៉ាវី





