ចិន៖ លោក Wang Yi អ្នកការទូតជាន់ខ្ពស់ និងជាប្រធានការិយាល័យកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមរបស់ចិន បានបំពេញដំណើរទស្សនកិច្ចរយៈពេលមួយសប្ដាហ៍ទៅកាន់អឺរ៉ុប និងរុស្ស៊ី ក្នុងការងារមួយដ៏លំបាកនោះគឺការផ្សះផ្សាទំនាក់ទំនងដ៏ផុយស្រួយនៅក្នុងតំបន់ ស្របពេលមានភាពតានតឹងខ្លាំងជាមួយសហរដ្ឋអាមេរិក គ្រាដែលសហភាពអឺរ៉ុបបង្កើនការប្រុងប្រយ័ត្នចំពោះទីក្រុងប៉េកាំង និងក្ដីបារម្ភជុំវិញសម្ព័ន្ធភាពរបស់ប្រទេសចិនជាមួយរុស្ស៊ី។
លោក Wang បានជួបលោកប្រធានាធិបតីបារាំង Emmanuel Macron កាលពីថ្ងៃពុធនៅវិមាន Elysée ក្រោយដំណើរឈប់សំចតនៅអ៊ីតាលី ហុងគ្រី និងរុស្ស៊ី។ ចំណែកក្រសួងការបរទេសអាមេរិកបាននិយាយកាលពីថ្ងៃពុធថា ប្រមុខការទូតរបស់ខ្លួនគឺលោក Antony Blinken ក៏ត្រូវទៅបំពេញទស្សនកិច្ចនៅថ្ងៃព្រហស្បតិ៍នេះដែរ រយៈពេលជិតមួយសប្ដាហ៍នៅក្នុងប្រទេសអាល្លឺម៉ង់ ទួរគី និងក្រិក។
ដំណើរនេះបានកើតមានឡើង ខណៈការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែនបង្កក្ដីបារម្ភបញ្ហាសន្តិសុខខ្លាំងនៅអឺរ៉ុប ដែលបារម្ភថាធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយចិន ខណៈទំនាក់ទំនងរបស់ទីក្រុង Moscow ខិតចូលកាន់តែជិតជាមួយទីក្រុងប៉េកាំង។ កម្រិតនៃការមន្ទិលសង្ស័យនៅក្នុងអឺរ៉ុបមានតិចជាងសហរដ្ឋអាមេរិក ជាទីដែលលេចចេញវត្តមានបាឡុង ដែលរដ្ឋបាលលោក Biden បានហៅថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងឈ្លបយកការណ៍ ធ្វើឲ្យចិនផ្ទុះកំហឹង ប៉ុន្តែភាពមន្ទិលនៅតែមិនទាន់បានលាតត្រដាងនៅឡើយ៕
អត្ថបទ៖ សុខមាន