ភ្នំពេញ៖ ខេត្តកំពតក្នុងពេលបច្ចុប្បន្ននេះ គឺមានលទ្ធភាពនាំចេញចេកអំបូងលឿងទៅកាន់ទីផ្សារចិន ប្រមាណជាង ២០០០តោន ក្នុងមួយខែ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងសន្និសីទសារព័ត៌មានស្ដីពីភាពជោគជ័យរយៈពេល៥ឆ្នាំ របស់ខេត្ត។
ខេត្តកំពត ក្រៅពីមានភាពល្បីល្បាញ លើដំណាំម្រេច និងទុរេន បច្ចុប្បន្ននេះ ខេត្តកំពត ក៏មានដំណាំចេកអំបូងលឿងមួយមុខទៀតកំពុងមានសក្ដានុពលជាខ្លាំងផងដែរ។ ជាក់ស្ដែងខេត្តកំពត មានលទ្ធភាពនាំចេញចេកអំបូងលឿងចន្លោះពី ២៣០០តោន ទៅ២៥០០តោន ក្នុងមួយខែ ទៅកាន់ប្រទេសចិន។ នេះជាការបញ្ជាក់របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត។
ឯកឧត្តម បញ្ជាក់ថា ការវិនិយោគលើដំណាំចេកអំបូងលឿងនេះ គឺជាការវិនិយោគលើទីតាំងដែលជាអតីតសមរភូមិ។ ឯកឧត្តមថា នេះជាការកែប្រែដ៏ប្រសើរ ប្រែពីតំបន់ធ្លាប់ជាសមរភូមិ មកជាទីតាំងដាំដុះ និងជាកន្លែងទេសចរណ៍ផងដែរនោះ។
ក្នុងនាមជារដ្ឋបាលខេត្ត ឯកឧត្តមក៏គាំទ្រ ដល់គម្រោងពង្រីកផ្ទៃដីដាំចេកអំបូងលឿងដែលកំពុងមានសក្ដានុពលផងដែរ។ ចំណុចសំខាន់មួយទៀត ដំណាំចេកអំបូងលឿងនាពេលនេះ គឺជាការផ្ដល់ការងារជូនប្រជាពលរដ្ឋរហូតដល់ជាង ២០០០នាក់។
ឯកឧត្តម អភិបាលខេត្ត បានលើកឡើងដែរថា ចេកអំបូងលឿងនៅខេត្តកំពត ក្រៅពីនាំចេញទៅប្រទេសចិន ចេកអំបូងលឿងនេះ ក៏បានផ្គត់ផ្គង់តម្រូវការក្នុងស្រុកផងដែរ។ ពិសេសគឺផ្គត់ផ្គង់ទៅតាម ភោជនីយដ្ឋានជាច្រើនដែលមានវត្តមានក្នុងខេត្តកំពតផ្ទាល់តែម្ដង។
ការដាំចេកអំបូងលឿងនៅខេត្តកំពត គិតត្រឹមពេលបច្ចុប្បន្ន គឺក្រុមហ៊ុនចំនួនពីរ កំពុងដាំដុះលើផ្ទៃដី ១០៦៣ហិកតា ហើយអាចប្រមូលផលបានលើផ្ទៃដី ៦៦១ហិកតា។នេះជាការបញ្ជាក់បន្ថែមរបស់លោក ចាន់ រិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពត។
លោកលម្អិតថា សម្រាប់ដំណាំចេកអំបូងលឿងដែលកំពុងប្រមូលផលនេះ គឺមានលទ្ធភាពប្រមូលផលបានប្រមាណ ៤៣តោនក្នុងមួយហិកតា។
ចំពោះដំណាំទុរេន ជាដំណាំមានភាពល្បីល្បាញជាយូរមកហើយសម្រាប់ខេត្តកំពតវិញ បច្ចុប្បន្ននេះគឺមានការដាំដុះលើផ្ទៃដីប្រមាណ ១៧០០ហិកតា ដោយក្នុងនោះអាចប្រមូលផលបានលើផ្ទៃដីប្រមាណជាង ១២០០ហិកតា។ លទ្ធភាពប្រមូលវិញ គឺអាចទទួលបានក្នុងរង្វង់ ១៥តោន ក្នុងមួយហិកតា៕អត្ថបទ៖ គឹមហុក


