
អន្តរជាតិ ៖ វីដេអូឃ្លីបដ៏កម្រពីការមុជទឹកកាលពីឆ្នាំ ១៩៨៦ ដែលថតបានលើកដំបូងនាវាលិច Titanic ត្រូវបានបញ្ចេញកាលពីថ្ងៃពុធ ។ វីដេអូឃ្លីបដែលថតបានដោយក្រុមមកពីគ្រឹះស្ថានមហាសមុទ្រ Woods Hole ឃើញនាវា Titanic ស្ថិតនៅលើបាតសមុទ្រ ក្រោយនាវាលិចអំឡុងដំណើរកម្សាន្តលើកដំបូងរបស់វា ។ កិច្ចខិតខំកំណត់ទីតាំងលិចនាវាកម្សាន្តដ៏ប្រណីតមួយនេះ បានចាប់ផ្តើមក្រោយវាលិចកាលពីឆ្នាំ ១៩១២ ប៉ុន្តែពួកគេពុំបានជោគជ័យនោះឡើយរហូតដល់មានបច្ចេកវិទ្យាជឿនលឿនក្នុងសមុទ្រជ្រៅ នាំឲ្យរកឃើញនាវាក្នុងឆ្នាំ ១៩៨៥ ។ សូមបញ្ជាក់ថា នាវា Titanic បានធ្វើដំណើរចេញពីទីក្រុង Southampton ប្រទេសអង់គ្លេស ឆ្ពោះទៅកាន់ទីក្រុង New York សហរដ្ឋអាមេរិក ពេលវាបុកផ្ទាំងទឹកកក និងបានលិចចូលទៅក្នុងបាតសមុទ្រ ។ នៅក្នុងចំណោមអ្នកដំណើរ ២.២២៣នាក់នៅលើនាវា អ្នកដំណើរ ១.៥១៧នាក់ បានស្លាប់ ៕