ភ្នំពេញ ៖ កម្លាំងគណះបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក កៀង ល័ក អភិបាលខណ្ឌ នាល្ងាចថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២៣ បានបើកការចុះបង្ក្រាបទីតាំងតារាងបាល់ទះមួយកន្លែង ស្ថិតនៅចំណុចផ្ទះលេខ ១៨ ផ្លូវលេខ៤៧៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានបង្កប់ល្បែងស៊ីសង ។
លោកកៀង ល័ក អភិបាលខណ្ឌចំការមន បានប្រាប់អោយដឹងថា ៖ បន្ទាប់ពីមានការចុះផ្សាយព័ត៌មាន និងការផ្តល់ព័ត៌មានពីពលរដ្ឋជាបន្តបន្ទាប់ កម្លាំងអាជ្ញាធរបន្ទាប់ពីបើកការស្រាវជ្រាវ និងតាមដានជាប់លាប់ជាមួយទីតាំងខាងលើរួចមក ក៏នៅវេលាថ្ងៃខែខាងលើ ដោយកំណត់បានច្បាស់ថា មានការលួចលាក់លេងល្បែងសង ទើបកម្លាំងអាជ្ញាធរ រៀបចំកម្លាំងបើកការចុញបង្ក្រាបជាក់ស្តែងតែម្តង ។
លោកអភិបាលខណ្ឌបន្តថា ក្នុងការចុះបង្ក្រាប ក្រុមអ្នកលេងល្បែងទាំងអស់ បានរត់គេចខ្លួនតាមទ្វារក្រោយអស់ ដូច្នះហើយ កម្លាំងចម្រុះ ចុះដកហូតបានតែវត្ថុតាងមួយចំនួនធំ ពាក់ព័ន្ធនឹងល្បែងស៊ីសង ដូចជាបៀអាប៉ោង ជាដើម និងដកហូត បានម៉ូតូចំនួន០៦គ្រឿងផងដែរ ។
ក្រោយការដកហូត វត្ថុតាងទាំងអស់ ត្រូវបញ្ចូនទៅកាន់សាលាខណ្ឌចំការមន ដើម្បីរក្សាទុកបណ្តោះអាសន្ន ។ ដោយឡែកទីតាំង ត្រូវ អាជ្ញាធរធ្វើកំណត់ហេតុបិទជាបណ្តោះអាសន្ន រងចាំបន្តនីតិវិធីនៅពេលខាងមុខ ។
គួររំលឹកថា ទីតាំងតារាងបាល់ទះ ខាងលើនេះ ធ្លាប់ត្រូវបាន កម្លាំងអាជ្ញាធរ ចុះពិនិត្យជាច្រើនលើកច្រើនសារមកហើយ ដោយសង្ស័យមានការលួចលាក់លេងល្បែងខុសច្បាប់ ប៉ុន្តែពេលកន្លងដែលកម្លាំងអាជ្ញាធរចុះពិនិត្យ គឺមិនដែលពិនិត្យឃើញអ្វីមិនប្រក្រតីឡើយ ទើបតែលើកក្រោយនេះប៉ុណ្ណោះ ទើបពិនិត្យឃើញ ការការលួចលេងល្បែងខុសច្បាប់ប្រាកដមែន ៕ អត្ថបទ ៖ លីហេង







