ភ្នំពេញ៖ ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញ និងគាំទ្រ ដល់ការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា ក្នុងនោះឯកឧត្ដមបាន ជំរុញឱ្យការងារសាធារណការ និង ដឹកជញ្ជូន លើកទឹកចិត្ត និងអនុវត្តគោលនយោបាយលើការប្រើប្រាស់រថយន្តអគ្គិសនីនេះនៅកម្ពុជា។
ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ណែនាំបែបនេះ ក្នុងឱកាស តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង ពិធីបិទសន្និបាតបូកសរុបការងារសាធារណការ និង ដឹកជញ្ជូន ឆ្នាំ ២០២២ និង ទិសដៅការងារ ឆ្នាំ ២០២៣ ទីស្ដីការក្រសួងសាធារណការ និង ដឹកជញ្ជូន នៅថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២៣។
ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន បានបង្ហាញមោទកភាព ចំពោះវឌ្ឍនភាព និងសមិទ្ធផលនានា ក្នុងវិស័យសាធារណការ និង ដឹកជញ្ជូន និងបានការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួង ព្រមទាំងឯកឧត្តម, លោកជំទាវ ជាថ្នាក់ដឹកនាំ និង មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងសាធារណការ និង ដឹកជញ្ជូន ដែលបានខិតខំបំពេញតួនាទី និង ភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។
ឯកឧត្ដមបន្ថែមថា កត្តាសុខសន្តិភាពពេញលេញ, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរឹងមាំ និង ភាព សុខដុមក្នុងសង្គម ក្រោមគោលនយោបាយ និង យុទ្ធសាស្រ្តច្បាស់លាស់ និង មោះមុត របស់រាជរដ្ឋាភិបាលកម្ពុជា, ពិសេស ជោគជ័យដ៏ត្រចះត្រចង់នៃការរៀបចំ និង ភាពជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ កាលពីឆ្នាំ ២០២២ កន្លងទៅ បាន និង កំពុង ធ្វើឱ្យកម្ពុជា កាន់តែមានកិត្តិនាមល្បីរន្ទឺ និង ទទួលបាននូវការកោតសរសើរលើឆាកអន្តរជាតិ ។
ឯកឧត្ដមបន្តថា ទោះបីវឌ្ឍនភាពជារួមមានភាពល្អប្រសើរ ប៉ុន្ដែឯកឧត្តមបានកត់សម្គាល់ឃើញថា គម្រោងសំខាន់ៗមួយចំនួននៅមិនទាន់អាចសម្រេចបានតាមការគ្រោងទុក ហើយទិសដៅមួយចំនួនដែលត្រូវបានលើកឡើងក្នុងសន្និបាតបូកសរុបការងារកាលពីឆ្នាំកន្លងទៅក៏មិនទាន់សម្រេចបានពេញលេញនៅឡើយ។ ឯកឧត្ដមជំរុញឱ្យក្រសួងសាធារណការ បន្តខិតខំដោះស្រាយបញ្ហាប្រឈម និងពន្លឿនការងារមួយចំនួនទៀតដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រឱ្យបានចប់សព្វគ្រប់ និងទាន់ពេលដើម្បីចូលរួមចំណែកក្នុងការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញឱ្យបានកាន់តែមានប្រសិទ្ធភាព៕ អត្ថបទ៖ វ៉ន ដារ៉ា



