សៀមរាប៖ ទិវារំលឹកគុណឪពុកម្ដាយ ក្រោមប្រធានបទ “កូនមានថ្ងៃនេះដោយសារលោកឪពុក អ្នកម្ដាយ” ហាក់ដូចជាកាន់តែទទួលបាននូវការចាប់អារម្មណ៍ពីមហាជននៅក្នុងសង្គមកម្ពុជា ជាពិសេសក្នុងចំណោមយុវជន ខណៈទិវានេះប្រារព្ធឡើងដើម្បីបណ្ដុះស្មារតីគោរពស្រលាញ់ និង កតញ្ញូចំពោះមាតាបិតាដែលជាអ្នកមានគុណ។
អង្គការអាដ្រាកម្ពុជា ប្រចាំខេត្តព្រះវិហារ សហការជាមួយមន្ទីរអប់រំខេត្ត នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រារព្ធទិវារំលឹកគុណលោកឪពុកអ្នកម្ដាយ ក្រោមប្រធានបទ “កូនមានថ្ងៃនេះ ដោយសារឪពុកអ្នកម្ដាយ” នៅបរិវេណវិទ្យាល័យព្រះខ័នតាសែង ស្ថិតនៅភូមិស្វាយ ឃុំ រណសិរ្ស ស្រុកសង្គមថ្មី ក្នុងគោលបំណងដើម្បីពញ្ញាក់ស្មារតីដល់ប្អូនៗជាយុវជន អោយចងចាំនូវគុណូបការៈដ៏ថ្លៃថ្លារបស់ឳពុកម្តាយ ក៏ដូចជាដាស់ស្មារតីរបស់ឳពុកម្តាយ ឬអាណាព្យាបាល អោយចាប់អារម្មណ៍ និងចូលរួមលើកកម្ពស់នូវសិទ្ធិរបស់កុមារ ជាពិសេសត្រូវចូលរួមចំណែក និងសហការជាមួយសាលា ក្នុងការជម្រុញ និងតាមដានការសិក្សារបស់កូនៗជាដើម។
ទំនៀមទំលាប់មួយនេះ ក៏ហាក់ទទួលបានការគាំទ្រផងដែរ ពីសំណាក់មនុស្សមានវ័យ ចំ ណាស់ នៅក្នុងសង្គមកម្ពុជា ដោយសារតែយល់ឃើញថា ទិវារំលឹកគុណឪពុកម្ដាយ បានរួមចំ ណែកក្នុងការបណ្ដុះស្មារតីគោរពស្រលាញ់ និងកតញ្ញូចំពោះមាតាបិតា ហើយវានឹងផ្ដល់ឱកាស ឱ្យយុវវ័យខ្មែរជំនាន់នេះ កាន់តែងាយស្រួលក្នុងការបង្ហាញពីការដឹងគុណ និងសេចក្ដីប្រណិបត្ត ចំពោះអ្នកមានគុណ ដែលជាទង្វើដ៏វិសេសវិសាលដែលកូនៗគ្រប់រូបត្រូវតែប្រកាន់ខ្ជាប់។
កញ្ញា ដុស ឌីណា អនុប្រធានគម្រោងយើងរួមគ្នា នៃអង្គការអាដ្រា យល់ឃើញថា ការប្រារព្ធទិវារំលឹកគុណឪពុកម្តាយនេះ ក៏ជាការលើកទឹកចិត្តដល់ឪពុកម្តាយ ដែលបានផ្ដល់នូវក្តីស្រឡាញ់ តស៊ូលះបង់ ក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូន និងផ្តល់ចំណេះដឹងដល់កូន និងជម្រុញកូនអោយចូលរៀន និងទំនុកបំរុងការសិក្សារបស់កូន និងដើម្បីបង្ហាញ ឬចែករំលែកនូវបទពិសោធន៍ល្អៗ ក្មុងការចិញ្ចឹមកូនដល់ឪពុកម្តាយដ៏ទៃទៀត ហើយវាក៏ជាឱកាសឱ្យកូនៗ បានថ្លែងពីការដឹងគុណចំពោះឪពុកម្តាយ ព្រមទាំងចែករំលែកពីបទពិសោធ៍ល្អៗ ក្នុងការរស់នៅ និងការសិក្សារៀនសូត្រដល់យុវសិស្សដ៏ទៃទៀត។
មិនខុសគ្នានេះដែរ លោក ណែម នី ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកសង្គម ថ្មី ក៏បានលើកឡើងថា កម្មវិធីនាពេលនេះ ក៏ជាវេលាល្អបំផុតដើម្បីបង្កើនភាពកក់ក្ដៅ និងភាពសប្បាយរីករាយដោយស្ដែងចេញពីការដឹងគុណរបស់កូនៗ ទៅលើលោកឪពុកអ្នកម្ដាយ ហើយ ក៏ជាឱកាសដែលឪពុកម្ដាយ អាចសិក្សាបន្ថែមពីកូន កែប្រែនូវរាល់ចំណុចខ្វះខាតដែលមានកន្លងមក ហើយអាចបង្កើនទំនាក់ទំនងកាន់តែស្អិតរមួតជាមួយកូនៗរបស់ពួកគាត់បាន៕អត្ថបទ៖ ឈិត សាវី





