តុងហ្គីលម៉ូដូ៖ សហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា បានប្រកាសបើកការប្រកួតជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២២ ដោយមានកីឡាករ-កីឡាការិនីចូលរួមសរុប ១៣៥នាក់មកពី ១៧ក្លិប និង ៤រាជធានី-ខេត្ត។
លោក ចំរើន សុផល អនុប្រធានសហព័ន្ធបានឲ្យដឹងថា ការប្រកួតនេះគ្រោងធ្វើឡើង ៤ថ្ងៃចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីលាន FFWPU-Cambodia ក្រោមការឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា។ ចំពោះការប្រកួតគឺមាន ៤វិញ្ញាសាធំរួមមានវិញ្ញាសាមេគុន សម្ដែងបច្ចេកទេស និងវិញ្ញាសាប្រយុទ្ធឯកត្តជនបុរស-នារី។
លោកថា ការប្រកួតប្រចាំឆ្នាំនេះត្រូវរៀបចំតាំងពីឆ្នាំ២០២២ ដោយសារបញ្ហាកូវីដទើបសហព័ន្ធសម្រេចពន្យាពេល តែយ៉ាងណាលោកបានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ក្លិប ក៏ដូចជាសិស្សគុន ហើយសង្ឃឹមថា ពួកគេនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីដណ្ដើមជ័យជម្នះផង ក៏ដូចជាអភិវឌ្ឍន៍សមត្ថភាពបន្ថែមដើម្បីឈានទៅរកការប្រកួតប្រជែងលើឆាកអន្ដរជាតិផង៕
អត្ថបទ៖ លី ឈុនឡា