បាល់ទាត់៖ ដោយមើលឃើញនូវការលំបាកជុំវិញបញ្ហារបួសស្នាម លើកីឡាករនៅពេលហ្វឹកហាត់ និងការប្រកួត សម្តេចតេជោ ហ៊ុន សែន បានចាត់ឱ្យក្រសួងសុខាភិបាល រៀបចំទីកន្លែងសម្រាប់ព្យាបាលកីឡាករ-កីឡាការិនីនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ដែលមានចំនួនគ្រែពី ១០០ ទៅ ២០០គ្រែ ហើយការព្យាបាលមិនតម្រូវឲ្យមានការបង់ប្រាក់ និងត្រូវមានឯកទេសគ្រប់គ្រាន់ស្របតាមស្ថានភាពរបួស ជុំវិញសាររបស់សម្តេចតេជោនេះបានធ្វើឱ្យកីឡាករ គ្រូបង្វឹក ថ្លែងអំណរគុណ និងដឹងគុណសម្តេចតេជោចំពោះទឹកចិត្តដ៏ល្អប្រពៃរបស់សម្តេច។
តំណាងកីឡាករ-កីឡាការិនីប្រភេទកីឡាវ៉ូវីណាមបញ្ចេញទស្សនៈស្រដៀងៗគ្នាថា ពួកគេពិតជាសប្បាយរីករាយណាស់ចំពោះទឹកចិត្តដ៏ល្អប្រពៃរបស់សម្តេចតេជោ ព្រោះការហ្វឹកហាត់ និងការប្រកួតសម្រាប់កីឡាករម្នាក់ៗគេចមិនផុតពីមានរបួសស្នាមទេ ហើយកន្លងមកការព្យាបាលបានធ្វើឱ្យកីឡាករជួបបញ្ហាមួយចំនួន ហើយជាការតបស្នង ពួកយើងប្តេជ្ញាខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីប្រកួតយកមេដាយឱ្យបានច្រើនសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម។
អតីតកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ប្រាក់ មុន្នីឧត្តម ក៏បង្ហាញក្តីរីករាយចំពោះទឹកចិត្តដែលមិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោ ត្បិតខ្លួនធ្លាប់ជួបបញ្ហារបួស។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលកម្ពុជាធ្វើម្ចាស់ផ្ទះនៅសល់ជាង ៧០ថ្ងៃទៀតប៉ុណ្ណោះនឹងចាប់ផ្តើមជាផ្លូវការហើយ៕
អត្ថបទ៖ គង់ រ៉េន