កោះតៃវ៉ាន់៖ ក្រុមអាជ្ញាធរយោធាកោះតៃវ៉ាន់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានរកឃើញបំណែកដែលអាចជាបាឡុងតាមដានអាកាសធាតុដែលបានធ្លាក់ ទំនងជារបស់ប្រទេសចិននៅលើកោះដាច់ស្រយាលមួយជិតឆ្នេរសមុទ្ររបស់ចិន ស្របពេលផ្ទុះជម្លោះរវាងចិន និងសហរដ្ឋអាមេរិកជុំវិញបាឡុងដែលអាមេរិកចោទថា ជាបាឡុងចារកម្មរបស់ចិន។
កោះតៃវ៉ាន់ដែលត្រូវបានប្រទេសចិនអះអាងថាជាដែនដីរបស់ខ្លួន បានត្អូញត្អែរពីការរំខានដែលចេះតែកើនឡើងដោយកងកម្លាំងប្រដាប់អាវុធរបស់ចិនកាលពី ៣ឆ្នាំកន្លងទៅ រួមទាំងការហោះហើរយន្តហោះចម្បាំង និងយានដ្រូនជិតកោះនេះ។ ទាហានតៃវ៉ាន់បាននិយាយថា កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរបស់ខ្លួននៅលើកោះ Dongyin ផ្នែកមួយនៃប្រជុំកោះ Matsu គ្រប់គ្រងដោយកោះតៃវ៉ាន់ក្បែរឆ្នេរសមុទ្រ Fuzhou របស់ចិន បានតាមដានវត្ថុមិនស្គាល់មួយធ្លាក់ពីលើអាកាស បន្ទាប់មកបានរកឃើញបំណែកបាឡុងនៅកន្លែងបាញ់ស៊ីប។
កងទ័ពនិយាយថា វត្ថុរាងមូលមានអង្គត់ផ្ចិតប្រហែលមួយម៉ែត្រ មានប្រអប់ផ្ទុកឧបករណ៍ ដែលមានសរសេរជាវត្ថុសម្គាល់ជាអក្សរចិន ដែលត្រូវបានប្រើប្រាស់នៅក្នុងប្រទេសចិនមិនមែននៅកោះតៃវ៉ាន់ទេ និងពាក្យថា "Taiyuan Radio No 1 Factory Co, Ltd." ដែលជាឧបករណ៍ថតសំឡេងឌីជីថល GTS13 និងឧបករណ៍ស្រាវជ្រាវឧតុនិយម៕
អត្ថបទ៖ សុខមាន