បាល់ទាត់៖ ជំនួបជើងទី១ វគ្គ Play-Off UEFA Europa League រវាងក្រុមម្ចាស់ផ្ទះ FC Barcelona ទទួលស្វាគមន៍បិសាចក្រហម Manchester United បានបញ្ចប់ត្រឹមលទ្ធផលស្មើគ្នា ២-២ ប៉ុណ្ណោះ។

ក្រុមរបស់លោក Erik ten Hag ត្រូវបានគេមើលឃើញថា ជាក្រុមមានប្រៀបក្នុងការប្រកួតនេះតែអ្នកចាំទី Barcelona, Marc Andre ter Stegen បានជួយសង្គ្រោះគ្រាប់បាល់សំខាន់ៗ ៣លើកក្នុងវគ្គទី១។ ក្រុមទាំងពីរត្រូវរង់ចាំដល់វគ្គទី២ ទើបអាចរកគ្រាប់បាល់បាន ពោលគឺអតីតខ្សែការពារ Chelsea, Marcos Alonso ជាអ្នកតែតនាំមុខឱ្យ Barcelona នាំមុខមុនដោយបាល់ជ្រុងពី Raphinha នាទីទី៥០ តែភ្លាមៗ Manchester United ក៏តាមស្មើវិញដោយ Marcus Rashford នាទីទី៥២។ បន្ទាប់ពីតាមស្មើ Marcus Rashford សាជាថ្មីជាអ្នកបង្កើតឱ្យមានគ្រាប់បាល់ទី២ នាំមុខវិញនៅពេលបោះកាត់ផ្លាតនឹង Jules Kounde ចូលទីខ្លួនឯង។

យ៉ាងណាក្តីក្រុមរបស់លោក Xavi ក៏តាមស្មើវិញដោយ Raphinha នៅនាទីទី៧៦។ ក្រុមទាំងពីរនឹងមានតែមួយប៉ុណ្ណោះឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ UEFA Europa League បន្ទាប់ពីការប្រកួតជើងទី២ នៅទឹកដី Old Trafford សប្តាហ៍ក្រោយ តែ Barcelona មានបញ្ហារបួសខ្សែបម្រើ Pedri ដែលផ្លាស់ប្តូរចេញនៅវគ្គទី១ និង Gavi ទទួលបានកាតលឿងដែលនឹងត្រូវអវត្តមាននៅជើងទី២៕
អត្ថបទ៖នាង សុភាវុធ