បាល់ទាត់៖ លោក ឃឹម ស្រេង ប្រធានការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានបង្ហាញការស្វាគមន៍ និងគាំទ្រជាខ្លាំងចំពោះការរៀបចំពានរង្វាន់យុវជន AIA-ISF Youth League ឆ្នាំ២០២៣ លើទឹកដីខ្លួន ដើម្បីផ្ដល់ឱកាសឲ្យយុវជន និងកុមារបានចូលរួមលេងកីឡា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ការលើកឡើងនេះ បន្ទាប់ពីអង្គការផ្កាយសមុទ្រ និងក្រុមហ៊ុន AIA Cambodia បានរៀបចំការប្រកួតវិលជុំកុមារ និងយុវជន AIA-ISF Youth League ឆ្នាំ២០២៣ កាលពីថ្មីៗដោយមានកីឡាករ-កីឡាការិនីដែលជាកុមារ និងយុវជនសរុបចំនួន ៣៦០នាក់មកពី ៣០ក្រុមបានជួបជុំគ្នាលេងយ៉ាងសប្បាយរីករាយ នៅទីលានហ្វូតសាលក្លិបអាចារ្យលាក់ ទីរួមខេត្តកំពង់ធំ។ លោកថា ការប្រកួតនេះគឺជារួមចំណែកមួយដើម្បីជំរុញឲ្យយុវជន និងកុមារចាប់ផ្ដើមលេងកីឡា ដើម្បីក្លាយជាពលរដ្ឋមានសុខភាពល្អ ទាំងផ្លូវការ និងបញ្ញាស្មារតី ក្រោយទំនេរពីការសិក្សា ស្របតាមកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជារាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវយុទ្ធនាការប្រជាជនម្នាក់ត្រូវចេះលេងកីឡាមួយប្រភេទប្រចាំជីវិត។
លោក យិន សាមឌី ប្រធានគ្រប់គ្រងកម្មវិធីបាល់ទាត់នៃអង្គការផ្កាយសមុទ្របានឲ្យដឹងថា ដោយមានការឧបត្ថម្ភគាំទ្រពីដៃគូទើបជំរុញឲ្យមានការប្រកួតនេះកើតឡើង ហើយលោកបានសម្ដែងនូវសេចក្ដីរីករាយជាខ្លាំង ដែលដំណើរការប្រកួតជុំទី២ នៅខេត្តកំពង់ធំ បន្ទាប់ពីរាជធានីភ្នំពេញមានកុមារ និងយុវជនចូលរួមប្រកួតយ៉ាងច្រើនកុះករ។ គួរដឹងថា ព្រឹត្តិការណ៍បាល់ទាត់កុមារ និងយុវជននេះគឺមាន ២រាជធានី-ខេត្ត ពោលគឺរាជធានីភ្នំពេញ និងខេត្តកំពង់ធំ។ ក្រោយបញ្ចប់ការប្រកួតជម្រុះតាមតំបន់នេះរួច សម្រាប់ក្រុមទទួលបានជ័យជម្នះតាមកម្រិតអាយុនីមួយៗ នឹងត្រូវចូលរួមប្រកួតវគ្គផ្ដាច់ព្រ័ត្រ AIA-ISF Grand Championship នាខែឧសភា ឆ្នាំ២០២៣ ខាងមុខ៕
អត្ថបទ៖ លី ឈុនឡា