ទួរគី៖ អាជ្ញាធរគ្រោះមហន្តរាយរបស់ប្រទេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីរបស់ប្រទេសទួរគីបានកើនឡើងដល់ ៣៦,១៨៧នាក់ ហើយចំនួនអ្នកស្លាប់រួមគ្នារបស់ប្រទេសទាំងពីរទួរគី និងស៊ីរី មានចំនួនលើសពី ៤២,០០០នាក់។

ក្រុមអ្នកជួយសង្គ្រោះទួរគីដែលបានជួយអ្នកនៅរស់រានមានជីវិត បានរៀបរាប់ពីសេចក្តីរីករាយរបស់ពួកគេនៅពេលដែលបានឮសំឡេងនៅក្នុងគំនរបាក់បែក និងការព្រួយបារម្ភអំពីការទៅដល់ជនរងគ្រោះឲ្យបានឆាប់រហ័ស។ អ្នកសង្គ្រោះម្នាក់និយាយថា គ្មានអ្វីត្រេកអរជាជាងការស្តាប់ឮសំឡេងរបស់អ្នកនៅរស់រានមានជីវិតនោះទេ។ ប្រព័ន្ធផ្សព្វផ្សាយ TRT Haber បានរាយការណ៍ថា ក្មេងស្រីអាយុ ១៧ឆ្នាំម្នាក់ត្រូវបានសង្គ្រោះដោយនៅរស់រានមានជីវិតចេញពីគំនរបាក់បែកក្នុងខេត្ត Kahramanmaras របស់ប្រទេសទួរគីរយៈពេល ២៤៨ម៉ោងបន្ទាប់ពីការរញ្ជួយដី។

អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បានទៅបំពេញទស្សនកិច្ចនៅប្រទេសទួរគីកាលពីថ្ងៃព្រហស្បតិ៍ ជាកន្លែងដែលលោកបានជួបជាមួយប្រធានាធិបតីលោក Tayyip Erdogan ។ លោក Stoltenberg បានស្ទង់មើលការបំផ្លាញដែលបណ្តាលមកពីរញ្ជួយដីនៅក្នុងទីក្រុងកំពង់ផែ Iskenderun អំឡុងពេលជិះយន្តហោះជាមួយរដ្ឋមន្ត្រីការពារជាតិទួរគីលោក Hulusi Akar៕
អត្ថបទ៖ ប៊ុនថន