អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អាទិភាពរបស់លោកសម្រាប់អនាគតដ៏ខ្លីគឺការបញ្ឈប់ការវាយប្រហាររបស់រុស្ស៊ី ទប់ទល់នឹងការកើនឡើងរបស់ពួកគេ និងត្រៀមខ្លួនសម្រាប់ការវាយលុកប្រឆាំងរបស់អ៊ុយក្រែន។

លោកនិយាយនៅក្នុងសុន្ទរកថាតាមវីដេអូថា ការទប់ទល់ស្ថានការណ៍នៅពេលខាងមុខ និងការរៀបចំសម្រាប់វិធានការនៃការកើនឡើងរបស់សត្រូវនោះ គឺជាអាទិភាពសម្រាប់អនាគតដ៏ខ្លីខាងមុខរបស់យើង។ ទីក្រុង Kyiv បាននិយាយថា រុស្ស៊ីបានបាញ់មីស៊ីលសន្ធាប់លើអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ ហើយបានវាយប្រហារលើរោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតរបស់ខ្លួន។ ដោយមានការជំរុញនូវក្រុមទាហានបម្រុងរាប់ម៉ឺននាក់ រុស្ស៊ីបានបង្កើនការវាយប្រហារលើដីគោកនៅទូទាំងភាគខាងត្បូង និងភាគខាងកើតប្រទេសអ៊ុយក្រែន ខណៈខួបមួយឆ្នាំនៃការវាយលុកនៅថ្ងៃទី២៤ ខែកុម្ភៈខិតជិតមកដល់ ការវាយលុកថ្មីទ្រង់ទ្រាយធំទំនងជាកំពុងកើតឡើង។
ការផ្តោតសំខាន់របស់រុស្ស៊ីនាពេលបច្ចុប្បន្នគឺទៅលើទីក្រុង Bakhmut ក្នុងតំបន់ Donetsk ជាតំបន់មួយក្នុងចំណោមតំបន់ចំនួន២ ដែលបង្កើតបានជាតំបន់ Donbas ជាបេះដូងឧស្សាហកម្មរបស់អ៊ុយក្រែន ដែលពេលនេះត្រូវបានរុស្ស៊ីចូលគ្រប់គ្រងនៅផ្នែកមួយចំនួន។ ជម្លោះនេះបណ្តាលឲ្យមនុស្សរាប់ម៉ឺននាក់ស្លាប់ បំផ្លាញទីក្រុងនានារបស់អ៊ុយក្រែន ធ្វើឲ្យមានអស្ថិរភាពសេដ្ឋកិច្ចពិភពលោក ហើយមនុស្សរាប់លាននាក់រត់ភៀសខ្លួន៕
អត្ថបទ៖ ប៊ុនថន