ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈហ្វេសប៊ុកផ្លូវការរបស់ខ្លួន បានក្រើនរម្លឹកហាមប្រាមសិស្សជាថ្មី មិនឱ្យបរិភោគនំចំនី ក៏ដូចជាភេសជ្ជៈមួយចំនួនជាដាច់ខាត ព្រោះវាបង្កជាការប៉ះពាល់ដល់សុខភាព។
ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី ១៦ ខែកុម្ភៈ បានបង្ហោះនូវរូបភាពជាច្រើនសន្លឹក ដែលភ្ជាប់ជាមួយសេចក្ដីណែនាំ ស្ដីពីការពង្រឹងវិធានការការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារតាមគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅសាធារណៈ និងឯកជន។ រូបថតជាច្រើនសន្លឹកនេះ ជារូបភាពនំចំណីដែលមានការហាមប្រាម សិស្សមិនឱ្យបរិភោគនោះទេ ក្នុងនោះមានដូចជានំចំណីជាប្រភេទ hot dog , ជាលក្ខណៈទឹក រឺចាហួយកញ្ចប់ ប្រហិត ភេសជ្ជៈកំប៉ុងដែលមានរសជាតិផ្អែមជាដើម។ នំចំណីទាំងនេះ គឺក្រសួងអប់រំ ចាត់ទុកជាចំណីអាហារមានហានិភ័យខ្ពស់ចំពោះសុខភាព និងត្រូវបានហាមឃាត់ក្នុងគ្រឹះស្ថានសិក្សា។
ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា ដើម្បីអន្តរាគមន៍ការអនុវត្តករណីនេះក្រសួង មានវិធានការរដ្ឋបាលតាមឋានានុក្រមតាមទិដ្ឋភាពជាក់ស្តែង។ ជាយន្តការរដ្ឋបាល មន្ទីរអប់រំ ជំរុញការអនុវត្តសេចក្តីណែនាំដោយសហការជាមួយគណៈគ្រប់គ្រងសាលារៀន។ គណៈគ្រប់គ្រងសាលារៀនត្រូវគ្រប់គ្រងកិច្ចការទូទៅនៅទីតាំងសាលារៀន។ ករណីលក់ដូរនៅសាលារៀន គណៈគ្រប់គ្រងសាលារៀនមានកិច្ចសន្យារវាងអ្នកលក់ដូរនិងនាយកសាលា។ ដូចនេះ គណៈគ្រប់គ្រងសាលារៀនត្រូវគ្រប់គ្រងការលក់ដូរដែលត្រូវស្របជាមួយកិច្ចសន្យាលក់ដូរលើទីតាំងសាលារៀន។ បើការលក់ដូរផ្ទុយពីកិច្ចសន្យានេះ គណៈគ្រប់គ្រងអាចអនុវត្តវិធានការរដ្ឋបាលមានជាធរមាន ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ហែម ស៊ីណារ៉េត ជាប្រធានមន្ទីរអប់រំរាជធានីភ្នំពេញ បានប្រាប់BTVតាមទូរស័ព្ទថា ការលក់នំចំណី ក៏ដូចជាភេសជ្ជៈកំប៉ុងនៅតាមសាលារៀនក្នុងរាជធានីភ្នំពេញ គឺមានការកាត់បន្ថយច្រើន នៅសល់តែសាលាមួយចំនួនប៉ុណ្ណោះពុំទាន់អនុវត្តបានត្រឹមត្រូវ។ លោក ក៏បញ្ជាក់ដែរថា ការងារនេះត្រូវជំរុញបន្ថែម ដែលគណៈគ្រប់គ្រងសាលាត្រូវធ្វើកិច្ចសន្យាជាមួយអ្នកលក់ដូរ រឺឈានទៅការបញ្ឈប់ការលក់ដូរក្នុងករណីបន្តមិនគោរពតាម។
ពាក់ព័ន្ធនឹងបញ្ហានេះដែរសម្រាប់ សាលាបឋមសិក្សាចតុមុខ ជាសាលាគំរូសម្រាប់កម្ពុជា បច្ចុប្បន្នគឺមានការលើកទឹកចិត្តឱ្យអាណាព្យាបាល វេចខ្ចប់ចំណីអាហារ ក៏ដូចជាទឹកមកពីផ្ទះដោយខ្លួនឯង។ សិស្សនិងអាណាព្យាបាល ក៏បានចូលរួមអនុវត្ត បានភាគច្រើនផងដែរ។ សម្រាប់លោកស្រី ឈូក សុភាព ដែលមានចៅសិក្សានៅសាលាបឋមសិក្សាចតុមុខ លើកឡើងថា សុខភាពចៅរបស់គាត់ពិតជាសំខាន់។ ហេតុដូចនេះ លោកស្រីមិនអនុញ្ញាតឱ្យ ចៅទិញនំកញ្ចប់ រឺភេសជ្ជៈកំប៉ុងបរិភោគនោះទេ។ លោកស្រីសុខចិត្ត ចម្អិនម្ហូបអាហារជូនចៅជារៀងរាល់ថ្ងៃ។
ចំណីអាហារ ត្រូវបានហាមប្រាមមិនឱ្យមានការលក់ក្នុងគ្រឹះស្ថានសិក្សា ដែលក្រសួងអប់រំ បានកំណត់គឺមានចំនួន ៦ប្រភេទ។
ក្នុងនោះរួមមាន ចំណីអាហារគ្រប់ប្រភេទដែលហួសកំណត់បរិច្ឆេទប្រើប្រាស់ គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ ចំណីអាហារដែលមានប្រភពមិនច្បាស់លាស់ ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែម កាហ្វេ ការ៉េម ទឹកស៊ីរ៉ូគ្រប់ប្រភេទ ស្ករសូកូឡា ស្ករគ្រាប់ ស្ករកៅស៊ូគ្រប់ប្រភេទ ចាហួយគ្រប់ប្រភេទ នំដូណាត់ និងនំផ្អែម៕ អត្ថបទ៖ គឹមហុក








