ទួរគី៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres មានបំណងផ្តល់ជំនួយចំនួន ១ពាន់លានដុល្លារដល់ប្រទេសទួរគី ដែលរងគ្រោះដោយរញ្ជួយដីក្នុងរយៈពេល ៣ខែ ហើយបានជំរុញសហគមន៍អន្តរជាតិឱ្យផ្តល់មូលនិធិពេញលេញសម្រាប់កញ្ចប់ជំនួយនេះ។

លោក Guterres និយាយកាលពីថ្ងៃព្រហស្បតិ៍ថា មូលនិធិនេះនឹងជួយដល់ប្រជាជនចំនួន ៥.២លាននាក់ និងជំរុញការគាំទ្រសម្រាប់កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះ ដឹកនាំដោយរដ្ឋាភិបាលក្នុងវិស័យមួយចំនួន រួមមានទាំងសន្តិសុខស្បៀង ការការពារ ការអប់រំ ទឹក និងទីជម្រក។ លោកនិយាយថា ប្រជាពលរដ្ឋរងទុក្ខលំបាកមិនដឹងពេលណាបានធូរស្បើយនោះទេ។ ប្រមុខអង្គការសហប្រជាជាតិនិយាយថា ទួរគីជាប្រទេសមានចំនួនជនភៀសខ្លួនច្រើនជាងគេនៅលើពិភពលោក ហើយបានបង្ហាញពីចិត្តសប្បុរសដ៏ធំធេងចំពោះប្រទេសជិតខាងស៊ីរីរបស់ខ្លួន អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដូច្នេះពេលនេះជាពេលសម្រាប់ពិភពលោកក្នុងការគាំទ្រប្រជាជនទួរគី។

កាលពីថ្ងៃអង្គារ អង្គការសហប្រជាជាតិបានចាប់ផ្តើមការអំពាវនាវសុំជំនួយចំនួន ៣៩៧លានដុល្លារដើម្បីជួយអ្នកនៅរស់ជីវិតពីការរញ្ជួយដីនៅក្នុងប្រទេសស៊ីរីក្នុងរយៈពេល ៣ខែ។ នៅពេលសួរថា តើលោកមានផែនការចុះពិនិត្យតំបន់រញ្ជួយដីនៅពេលខាងមុខឬទេ លោក Guterres និយាយថា នៅពេលនេះ អ្វីដែលយើងត្រូវការគឺពុំមែនជាដំណើរទស្សនកិច្ចនោះទេ លោកនិយាយថា ដំណើរទស្សនកិច្ចកម្រិតខ្ពស់គឺបង្វែរទៅរកធនធាន អ្វីដែលយើងត្រូវការពេលនេះគឺផ្តោតលើកិច្ចខិតខំប្រឹងប្រែងជួយផ្តល់ជំនួយសង្គ្រោះ៕
អត្ថបទ៖ ប៊ុនថន