ភ្នំពេញ៖ នៅដើមឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលប្រភេទពន្ធ-អាករគ្រប់ប្រភេទ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ បានមានចំនួនជាង ១ ២១៧ ប៊ីលានរៀល ត្រូវប្រមាណជាង ៣០០ លានដុល្លារ ស្មើជាង ៨ ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
សេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមករា ឆ្នាំ២០២៣ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបង្ហាញឲ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២៣ ចំណូលពីប្រភេទពន្ធសំខាន់ៗបានរក្សាកំណើន ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះពន្ធលើប្រាក់ចំណូលជាង ២០ ភាគរយ អាករលើតម្លៃបន្ថែមជាង ៨ ភាគរយ និងពន្ធលើប្រាក់បៀវត្សជាង ១៨ ភាករយ។
ចំណែកការប្រមូលចំណូលពន្ធ ពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ប្រមូលបានចំនួនជាង ៣៦ ប៊ីលានរៀល ត្រូវប្រមាណជាង ៩ លានដុល្លារ និងគិតចាប់ពីខែឧសភា ឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្ន ចំណូលពន្ធពី E-Commerce ប្រមូលបានសរុបចំនួនជាង ២១៤ ប៊ីលានរៀល ត្រូវប្រមាណជា ៥៣ លានដុល្លារ ។
សម្រាប់ទិសដៅអនុវត្តបន្តក្នុងឆ្នាំ ២០២៣, អគ្គនាយកដ្ឋានពន្ធដារ នឹងយកចិត្តទុកដាក់ បន្តអនុវត្តវិធានការបន្ថែមរបស់រាជរដ្ឋាភិបាល សម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍ ក្នុងគោលបំណងបន្តកាត់បន្ថយផលប៉ះពាល់មកលើស្ថានភាពសង្គម-សេដ្ឋកិច្ច ព្រមទាំងបន្តជួយទ្រទ្រង់ និងស្តារអាជីវកម្ម និងធុរកិច្ចឱ្យងើបឡើងវិញ។
ពន្ធដារ នឹងបន្តជំរុញបញ្ចប់ការពិនិត្យរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធថ្មី ដែលការរៀបចំនេះ នឹងអាចធានាបាននូវភាពប្រទាក់ក្រឡា និងបច្ចុប្បន្នភាពបទប្បញ្ញត្តិស្តីពីពន្ធដារ និងបន្តពង្រឹងការផ្សព្វផ្សាយ និងអនុវត្តការគ្រប់គ្រងប្រមូលចំណូលពន្ធពីវិស័យល្បង និងកាស៊ីណូ ។
ឯកឧត្តម គង់ វិបុល អគ្គនាយកពន្ធដារ មានប្រសាសន៍កាលពីពេលថ្មីៗនេះថា ស្ថានភាពនៃការប្រមូលពន្ធល្អប្រសើរដោយសារការរៀបចំកំណែទម្រង់យ៉ាងមុតស្រួចរបស់អគ្គនាយកដ្ឋានពន្ធដារ ដោយបានចាប់ផ្តើមតាំងពីឆ្នាំ២០១៣ ទាំងហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងធនធានមនុស្ស ការធ្វើបច្ចុប្បន្នភាព និងការចុះបញ្ជីក្នុងប្រព័ន្ធ ការពង្រឹងការផ្តល់សេវាដល់អ្នកជាប់ពន្ធ ការដាក់លិខិតប្រកាសពន្ធ ការធ្វើសវនកម្ម ការគ្រប់គ្រងបំណុល និងការវិនិយោគទៅលើបច្ចេកវិទ្យាព័ត៌មាន បានធ្វើឱ្យការប្រមូលមានភាពល្អប្រសើរក្នុងរយៈពេលកន្លងមកនេះ។
ឯកឧត្តម គង់ វិបុល បានលើកឡើងថា លទ្ធផលនៃការប្រមូលចំណូលរបស់ពន្ធដារនៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ នៅតែមានស្ថានភាពល្អប្រសើរលើសការគ្រោងទុក បើទោះបីជាមានវិបត្តិកូវីដ-១៩៕ អត្ថបទ៖ សុន រ៉ាឌី