ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានរំលឹក និងណែនាំបន្ថែមដល់កងកម្លាំងនគរបាលដែលជាសិក្ខាកាមទាំងអស់ ត្រូវត្រៀមទទួលបទបញ្ជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។
ថ្លែងក្នុងពិធីបិទវគ្គបំប៉នជំនាញកសាងបណ្ដាញមូលដ្ឋានសម្ងាត់របស់កម្លាំងសន្ដិសុខ និងវគ្គបំប៉នជំនាញបច្ចេកទេសព្រហ្មទណ្ឌ និងបំពាក់ឋានន្ដរស័ក្ដិជូននាយនគរបាល នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម នៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានលើកឡើងថា នៅក្នុងឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចកម្ពុជា និយាយជារួម និងនិយាយដោយឡែក កងកម្លាំងនគរបាលជាតិ មានភារកិច្ចដ៏សំខាន់ជាច្រើនទៀត ដូចជាការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០២៣ខាងមុខ។ ដូច្នេះកងកម្លាំងទាំងអស់ត្រូវត្រៀមខ្លួនទទួលបទបញ្ជាតាមផែនការរៀងៗ ខ្លួនដែលត្រូវបានកំណត់។
នៅក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ក៏បានបានរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ ត្រូវធ្វើជាគំរូល្អដល់បងប្អូនប្រជាពលរដ្ឋក្នុងការគោរពច្បាប់ផ្សេងៗ ពិសេសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងគ្រឿងញៀនជាដើម ។
យ៉ាងណាក៏ដោយលោកឧត្តសេនីយ៍អគ្គស្នងការរងនគរបាលជាតិ ក៏បានកត់សម្គាល់នូវសភាពការណ៍មួយចំនួនជូនដល់សិក្ខាកាមទាំងអស់ផងដែរ ដោយបានបញ្ជាក់ថា មកទល់ម៉ោងនេះកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា រក្សាបានសន្ដិភាព ស្ថេរភាព សុវត្ថិភាពសង្គម គ្មានអំពើភេរវកម្ម។ កងកម្លាំងសមត្ថកិច្ចកម្ពុជា ក៏សម្រេចបានកិច្ចការពារកិច្ច ប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំ២០២២កន្លងទៅផងដែរ។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ឯក ក៏បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះសិក្ខាកាមទាំងអស់ ដែលបានបញ្ចប់ការបំប៉នជំនាញកសាងបណ្ដាញមូលដ្ឋានសម្ងាត់របស់កម្លាំងសន្ដិសុខ និងវគ្គបំប៉នជំនាញបច្ចេកទេសព្រហ្មទណ្ឌ ដែលទទួលបានលទ្ធផលយ៉ាងល្អគាប់ប្រសើរ សំដៅពង្រឹងគុណភាព និងប្រសិទ្ធភាពការអនុវត្តតួនាទីភារកិច្ចរបស់កងកម្លាំងនគរបាលជាតិ។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ដែលបានបញ្ចប់វគ្គសិក្សានេះ ត្រូវយកចំណេះដឹងដែលទទួលបាននេះទៅបម្រើអង្គភាព ផ្សព្វផ្សាយបន្ដដល់មន្ដ្រីរួមការងារក្នុងអង្គភាព និងត្រូវខិតខំសិក្សាស្វែងយល់បន្ថែមលើជំនាញវិជ្ជាជីវៈ ពិសេសជំនាញបច្ចេកវិទ្យា ខណៈដែលបច្ចុប្បន្នសកលលោកមានការរីកចម្រើនយ៉ាងខ្លាំងខាងប្រព័ន្ធបច្ចេកវិទ្យា ដូច្នេះបទល្មើសបច្ចេកវិទ្យាក៏មានការកើនឡើង ហេតុនេះមន្ដ្រីនគរបាលទាំងអស់ត្រូវស្វែងយល់បន្ថែមទៀតដើម្បី ទាន់តាមសម័យកាល៕អត្ថបទ៖ បាន ចក់








