
ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង ប្រធាន គណៈកម្មាធិការគណបក្ស រាជធានីភ្នំពេញ បានថ្លែងថា មន្ត្រីគណបក្សប្រជាជនកម្ពុជាសាងអំពើល្អឱ្យបានគ្រប់ពេលវេលា ដើម្បីទាញយកបេះដូងប្រជាពលរដ្ឋឱ្យគាត់មានទំនុកចិត្តអាណិត និងស្រលាញ់រហូតឈានដល់បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសជាតិបន្តទៀត។
ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយសមាជិកគណបក្ស ក្រុមការងារគណបក្សចុះជួយមូលដ្ឋានខណ្ឌពោធិ៍សែនជ័យចំនួន ៥៣២នាក់ នាល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលមជ្ឈមណ្ឌលលាភមង្គល ភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ឯកឧត្តម ឃួង ស្រេង សមាជិក គណៈកម្មាធិការ កណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធាន គណៈកម្មាធិការគណបក្ស រាជធានីភ្នំពេញបានមានប្រសាសន៍ថា ក្នុងនាមមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា គឺត្រូវបម្រើប្រជាពលរដ្ឋឱ្យបានគ្រប់ពេលវេលា មិនមែនធ្វើឡើងតែពេលបោះឆ្នោតនោះទេ គឺត្រូវបំរើពលរដ្ឋ៥ឆ្នាំពេញ និងសូមឱ្យរក្សាអំពើល្អនេះរហូតតទៅ ដើម្បីទាញយកបេះដូងប្រជាពលរដ្ឋឱ្យគាត់គោរព អាណិត ស្រលាញ់ និងជឿទុកចិត្ត មកលើមន្ត្រីគណបក្សប្រជាជនកម្ពុជា។ ក្នុងនាមសមាជិកបក្សប្រជាជនកម្ពុជា សូមបងប្អូនជួយផ្សព្វផ្សាយពីការពិត នូវស្នាដៃរបស់គណបក្សឱ្យបានទូលំទូលាយ ដើម្បីវាយបកចំពោះការឃោសនាភូតកុហករបស់ពួកអគតិមួយចំនួន។
ឯកឧត្តម ឃួង ស្រេង បន្តទៀតថា គណបក្សប្រជាជនកម្ពុជាបានរំដោះអាយុជីវិតប្រជាពលរដ្ឋកម្ពុជាចំនួន២លើករួចមកហើយ ក្នុងនោះទី១ គណបក្សប្រជាជនកម្ពុជាបានរំដោះអាយុជីវិតប្រជាពលរដ្ឋ នៅទូទាំងប្រទេសចេញពីរបប ប៉ុល ពត និងទី២ បានរំដោះអាយុជីវិតប្រជាពលរដ្ឋទូទាំងប្រទេសចេញពីជំងឺកូវីដ-១៩ និងបានបើកឱ្យដំណើរការសេដ្ឋកិច្ចជាធម្មតាឡើងវិញ។
ឯកឧត្តម ឃួង ស្រេង បន្ថែមថា ប្រទេសជាតិមានសន្តិភាពពេញលេញ ទើបយើងគ្រប់គ្នា មានឱកាសក្នុងការរកទទួលទាន និងកសាងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនរុងរឿងបាន ដូច្នេះត្រូវនាំគ្នារក្សាសន្តិភាពនេះឱ្យបានគងវង់ និងសូមឱ្យសមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោត១សន្លឹករបស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត២០២៣ខាងមុខនេះ ដើម្បីមានឱកាសកសាងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនរុងរឿងបន្ថែមទៀត។
ជាមួយនេះ ឯកឧត្តម ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌ សង្កាត់ មន្ត្រី និងគ្រប់ភាគីពាក់ព័ន្ធត្រូវបើកយុទ្ធនាការតភ្ជាប់ Channel ផ្លូវការក្នុងបណ្តាញ Telegram សម្ដេចតេជោ ហ៊ុន សែន ឱ្យបានលឿន ពិសេសនៅតាមផ្ទះជួលកម្មករកាត់ដេរជាដើម ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា



